
ប្រសិនជាយើងមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ នេះអាចជារោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហមដែលកើតឡើងពេលកោសិកាឈាមក្រហមចុះទាប។
ក្នុងករណីសង្ស័យថាគ្រាប់ឈាមក្រហមថយចុះ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាការថយចុះនេះអាចបណ្ដាលមកពីយើងមានបញ្ហាសុខភាព។ នៅពេលកោសិកាឈាមក្រហមថយចុះក្រៅពីទៅពិភាក្សាជាមួយគ្រូពេទ្យ យើងអាចបង្កើនគ្រាប់ឈាមក្រហមបានតាមរយៈរបបអាហារទាំងនេះ។
១. ជាតិដែក
ការញ៉ាំអាហារមានជាតិដែកអាចបង្កើនការផលិតកោសិកាឈាមក្រហមរបស់រាងកាយ។ អាហារសំបូរជាតិដែករួមមាន៖
• សាច់សត្វ និងសាច់ត្រី
• គ្រឿងក្នុងសត្វដូចជាក្រលៀន និងថ្លើម
• ផលិតផលសណ្ដែកសៀងមានតៅហ៊ូ
• បន្លែពណ៌បៃតងដូចជាស្ពៃពួយឡេង និងkale
• ផ្លែឈើក្រៀមមានផ្លែព្រូន និងទំពាំងបាយជូរក្រៀម
• ផ្កាខាត់ណាខៀវ
• ពពួកសណ្ដែកពណ៌បៃតង
• ស៊ុត។
២. អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកគឺជាវីតាមីន B មួយប្រភេទដែលយើងគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ។ អាហារសំបូរដោយអាស៊ីតហ្វូលិក (វីតាមីន B9)មាន៖
• សាច់គោ
• ស្ពៃពួយឡេង
• បាយ
• សណ្ដែកដី
• សណ្ដែកក្រហម
• ផ្លែបឺរ
• សាលាដ។
៣. ការជួយរាងកាយស្រូបយកជាតិដែក
ការជួយរាងកាយក្នុងស្រូបយកជាតិដែកគឺអាចជួយដល់ការផលិតកោសិកាឈាមក្រហម។ អាហារសំបូរដោយវីតាមីន C ដូចជាពពួកផ្លែក្រូច ស្ត្របឺរី និងបន្លែពណ៌បៃតងអាចជួយបង្កើនបរិមាណជាតិដែកដែលរាងកាយស្រូបយក។ ក្រៅពីវីតាមីន C វីតាមីន A និងBeta-carotene ក៏ជួយរាងកាយឱ្យស្រូបយកជាតិដែកដែរ។ អាហារដែលសំបូរដោយវីតាមីន Aមាន សាច់ត្រី ថ្លើម ល្ពៅ និងដំឡូងជ្វា។ ចំណែកឯអាហារដែលមាន beta-carotene រួមមានបន្លែដែលមានពណ៌លឿង ក្រហម និងពណ៌ទឹកក្រូចដូចជា ការ៉ុត ដំឡូងជ្វា ល្ពៅ និងផ្លែស្វាយជាដើម៕

ប្រភព៖ Hellokrupet