×

គួរយល់ដឹង​អំពី “ការប្រើប្រាស់​គន្លងផ្លូវ និង​របៀបវ៉ាជែង” លើ​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ភ្នំពេញ៖ ផ្លូវល្បឿនលឿន ត្រូវបានបែងចែកជា ៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាគឺ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។

ចំពោះគន្លងផ្លូវសម្រាប់ជែងគឺ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន។ ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។

ចំពោះគន្លងផ្លូវសម្រាប់ឈប់បន្ទាន់គឺ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង