×

ស្រីៗយើង​គួរថែទាំ​ស្បែកមុខ​យ៉ាងម៉េច កុំឱ្យឡើងមុន?

“មុន” រំខាន ហើយបាក់សម្រស់ខ្លាំង។ អ្នកណាក៏អត់ចង់កើតដែរ ពិសេសស្រីៗគ្នាយើងតែម្តង គិតគូរណាស់រឿងថែមុខ គ្នាយើងខ្លះ ចាយលុយទិញនេះ ទិញនោះ មកលាប មកថែ គ្រាន់តែថាបើលាបត្រូវទៅមានអី ខ្លាចតែលាបអត់ត្រូវបែរជារោលមុខកាន់តែយ៉ាប់។ គួរថែមុខយ៉ាងម៉េចឱ្យអត់មុន? ឈប់ខ្វាយខ្វល់អាចវិធីសាស្ត្រទាំងនេះសិនទៅ។

១– ស្គាល់ប្រភេទស្បែកមុខ
– ស្បែកខ្លាញ់ ជាស្បែកមានសភាពភ្លឺរលោង មានខ្លាញ់ និងមានរន្ធរោមច្រើន ធំៗ
– ស្បែកស្ងួត ជាស្បែកបែកស្រកាៗ ហើយរឹងៗ
– ស្បែកដែលមានទាំងស្ងួត (ភាគច្រើននៅថ្ពាល់) និងខ្លាញ់ (ថ្ងាស ច្រមុះ និងចង្កា)
– ស្បែកងាយរងប្រតិកម្ម ជាស្បែកដែលងាយ រលាក ឬរមាស់បន្ទាប់ពីប្រើគ្រឿងសម្អាង ឬផលិតផលដទៃទៀត
– ស្បែកធម្មតាជាប្រភេទស្បែកដែលមានតុល្យភាព ថ្លា និងមិនងាយរងប្រតិកម្ម។

២– ការលាងសម្អាត
ចេះជ្រើសសាប៊ូដែលត្រូវនឹងស្បែក បើស្បែកប្រើអីខុស ត្រូវដឹង ហើយផ្អាក ឬឈប់ប្រើភ្លាម។ បើមុខឡើងមុន គួរលាងសម្អាតដោយថ្នាំ ឬសាប៊ូព្យាបាលមួយចំនួន អាចទិញនៅតាមឱសថស្ថានខ្លួនឯង។
– ត្រូវលាងជាមួយទឹកក្ដៅឧណ្ហៗឱ្យបានច្រើន ហើយជូតវាឱ្យស្ងួត។ បើស្បែកមុខស្ងួត ឬមានខ្លាញ់ គួរប្រើផលិតផលលាងសម្អាតតាមស្បែកមុខ។
– មានស្បែកស្ងួត គួរប្រើផលិតផលលាងសម្អាតគ្មានជាតិ អាល់កុល ឬក្លិនក្រអូប។ ទឹកក្តៅពេក អាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្បែកព្រោះវាអាចជម្រះជាតិខ្លាញ់ធម្មជាតិអស់ពីមុខបាន។
– បើមានស្បែកខ្លាញ់ ត្រូវលាងមុខដោយទឹកធម្មតាឱ្យបានច្រើន និងផលិតផលលាងសម្អាតគ្មានជាតិខ្លាញ់។
ក្នុងករណីស្បែកងាយប្រតិកម្ម ត្រូវលាងជាមួយផលិតផលលាងសម្អាត និងទឹកក្តៅឧណ្ហៗ ហើយមិនត្រូវត្រដុសលើស្បែកខ្លាំងពេកទេ។ ព្យាយាមប្រើផលិតផលគ្មានអាល់កុល សាប៊ូ អាស៊ីដ ឬក្លិនក្រអូប។

៣– សំណើមស្បែក
មនុស្សជាច្រើនគិតថា គេក្មេង ឬស្បែកមុខខ្លាញ់ច្រើន មិនចាំបាច់ត្រូវការផលិតផលផ្ដល់សំណើមទេ ប៉ុន្តែគ្រប់ស្បែកមុខទាំងអស់សុទ្ធតែត្រូវការសំណើម ជាចាំបាច់។ ផលិតផលផ្ដល់សំណើមដល់ស្បែក ជួយការពារកុំឱ្យស្បែកស្ងួតពេក។ គ្នាយើងគួរប្រើរាល់ថ្ងៃ មិនថាស្បែកប្រភេទណាក៏ដោយ។ គួរប្រើពេលស្បែកសើមតិចៗ បន្ទាប់ពីលាងសម្អាតរួច យ៉ាងហោច ២ ដងក្នុងមួយថ្ងៃ ដើម្បីកុំឱ្យស្បែកស្ងួត ឬរបកស្បែក។ បើមានមុន ឬខ្លាញ់ គួររកផលិតផលណាដែលស្រាល និងគ្មានជាតិប្រេង ដើម្បីកុំឱ្យធ្វើឱ្យស្ទះរន្ធញើស។

៤– ប្រើក្រែមការពារកម្តៅថ្ងៃ
ជាទូទៅ អាចប្រើក្រែមការពារកម្ដៅថ្ងៃ ជាមួយផលិតផលផ្ដល់សំណើមបានដែរ ប៉ុន្តែគួរប្រើវាផ្សេងគ្នា។ ពន្លឺព្រះអាទិត្យ អាចធ្វើឱ្យស្បែកខូចតែក្នុងរយៈពេល ១៥ នាទីប៉ុណ្ណោះ។
– កុំគិតថា នៅក្មេងមិនអី ព្រោះយើងក៏អាចមានបញ្ហាមហារីកស្បែក បើមិនថែទាំបានត្រឹមត្រូវ
– ត្រូវរកក្រែមការពារកម្ដៅថ្ងៃណាដែលអាចប្រឆាំងទាំងកាំរស្មី UVA និង UVB ជាមួយ SPF យ៉ាងហោចណាស់ ៣០
– ថែទាំស្បែកឱ្យមានសុខភាពល្អជាប្រចាំ និងធ្វើតាមការណែនាំ ការថែទាំស្បែកប្រឆាំងមុន ពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង