កូរ៉េខាងត្បូង៖ បន្ទាប់ពីព័ត៌មានទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Park Min Young និងបុរសម្នាក់ដែលជាមហាសេដ្ឋី Kang Jong Hyun បានផ្ទុះឡើងមិនយូរប៉ុន្មាន តារាស្រីត្រកូល Park ក៏បានប្រកាសចែកផ្លូវគ្នាវិញ រួមទាំងបងស្រីរបស់នាងដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱ្យលោក Kang ក៏បានដាក់ពាក្យលាឈប់ពីការងារផងដែរ។
រំឭកទៅកាលពីឆ្នាំ ២០១៣ កន្លងទៅលោក Kang ត្រូវបានចោទប្រកាន់ពីបទឆបោកក្រុមហ៊ុនហិរញ្ញវត្ថុចំនួន ១០ពាន់លានវ៉ុនដោយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ។ ប៉ុន្តែបើក្រលេកមើលជីវិតរបស់លោកពេលនេះ លោកបានក្លាយជាមហាសេដ្ឋីលំដាប់ដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ ជាក់ស្តែងលោកគឺជាអតិថិជន VVVIP របស់ក្លឹបមួយកន្លែងនៅ Gangnam ដោយគ្រាន់តែមួយយប់លោកចំណាយប្រាក់ជាង ៧ម៉ឺនដុល្លារលើថ្លៃស្រាក្រហម។
យ៉ាងណាមិញ បន្ទាប់ពីចែកផ្លូវគ្នារួចមក Park Min Young ត្រូវបានចោទប្រកាន់ថា នាងធ្លាប់ទទួលប្រាក់ពីលោក Kang ក្នុងចំនួនយ៉ាងច្រើន ទោះជាយ៉ាងណាសមីខ្លួន ក៏ដូចជាខាងភ្នាក់ងារក្រុមហ៊ុនបានចេញមុខបដិសេធពាក្យចចាមអារ៉ាមទាំងនេះថាមិនពិតផងដែរ៕