
ហុងកុង៖ ប្រលូកក្នុងវិស័យសិល្បៈជិត ៤០ឆ្នាំ Wayne Lai បានសម្តែងតួអង្គជាច្រើនប្រភេទដែលសមត្ថភាពរបស់តារាប្រុសរូបនេះត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរ និងទទួលស្គាល់សមត្ថភាពរបស់លោកផងដែរ។ ប៉ុន្តែក្នុងចំណោមសមិទ្ធផលទាំងប៉ុន្មាននោះ តួអង្គដែលធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពខ្ពស់ជាងគេនោះគឺក្នុងរឿង ដំណើរឆ្ពោះទៅភាគខាងលិច សម្តែងជាតួអង្គជ្រូកប៉ាចេ។

យោងតាម Oriental Daily បានឱ្យដឹងថា តារាវ័យ ៥៨ឆ្នាំរូបនេះធ្លាប់ស្បថថានឹងមិនសម្តែងជាតួអង្គបែបនេះទៀតឡើយ ប៉ុន្តែកន្លងទៅអស់រយៈពេល ២៤ឆ្នាំ ថ្មីៗនេះបែរជាលេចរូបភាព Wayne ធ្វើការតុបតែងខ្លួនជាតួអង្គ ប៉ាចេ សាជាថ្មីដោយលោកបានចែករំលែកវីដេអូរយៈពេល ៣៣វិនាទីនៅលើបណ្តាញសង្គម Douyin របស់លោកផងដែរ។
ជាការពិតណាស់ដែលកន្លងទៅអស់រយៈពេល ២៤ឆ្នាំហើយក៏ពិតមែន ប៉ុន្តែរូបភាពដែល Wayne បានតុបតែងខ្លួនជាជ្រូកប៉ាចេម្តងទៀតនេះនៅតែដូចមុនមិនមានភាពប្រែប្រួលឡើយរហូតធ្វើឱ្យអ្នកគាំទ្ររបស់លោកពេញចិត្តជាខ្លាំង៕

