
តៃវ៉ាន់៖ ព័ត៌មានដែលអតីតស្វាមីរបស់ Barbie Hsu ផិតក្បត់នាងរហូតជីវិតអាពាហ៍ពិពាហ៍ ១១ឆ្នាំត្រូវបានបញ្ចប់បានចុះផ្សាយព្រោងព្រាតរហូត DJ Koo ដែលជាអតីតមិត្តប្រុសរបស់ Baebie គ្រាន់តែឃើញព័ត៌មានភ្លាមលោកក៏រកលេខទូរស័ព្ទដែលអ្នកទាំង២ធ្លាប់ទាក់ទងគ្នាកាលពី ២០ឆ្នាំមុន ដើម្បីប្រថុយខលទាក់ទងតាមលេខទូរស័ព្ទចាស់របស់នាងបើទោះជាមិនប្រាកដថា នាងនៅប្រើលេខចាស់ដដែល ឬយ៉ាងណា។

យ៉ាងណាមិញ ដោយសារ Barbie មិនបានប្តូរលេខទូរស័ព្ទថ្មី ជាហេតុធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំង២ មានឱកាសអាចចាប់ផ្តើមសាជាថ្មី និងសម្រេចចិត្តចុះអេតាស៊ីវិលកាលពីខែមីនា ឆ្នាំ២០២២ នេះភ្លាម។ Barbie បានឱ្យដឹងថា អ្នកទាំង២បានត្រឹមវីដេអូខលរកគ្នានៅប៉ុន្មានខែមុនពេលដែល DJ Koo អាចហោះទៅតៃវ៉ាន់ដោយសារច្បាប់តឹងរ៉ឹងនៃកូវីដ១៩ ដែលអំលុងពេលនោះអ្នកទាំង២បានចែករំលែកភាពសប្បាយ និងភាពមិនសប្បាយចិត្តជាមួយគ្នាជាច្រើន។
Barbie បានរំឭកថានៅពេលឃើញ DJ Koo ខលទៅនាងមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង រីឯ DJ Koo វិញបានបង្ហាញអារម្មណ៍របស់ខ្លួនវិញថា ទោះបីជាកន្លងទៅអស់រយៈពេល ២០ឆ្នាំក៏ពិតមែន ប៉ុន្តែត្រលប់មកទាក់ទងគ្នាវិញម្តងទៀតលោកមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងហាក់នៅដដែលប្រៀបបីដូចជាអ្នកទាំង២កំពុងត្រលប់ទៅកាលពី ២០ឆ្នាំមុនអ៊ីចឹង៕
