ភ្នំពេញ៖ ពិធីភ្ជាប់ពាក្យរបស់ Youtuber ល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា បានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំង២មានអារម្មណ៍រំភើបជាងម្ចាស់សមីខ្លួនទៅទៀត។ យ៉ាងណាមិញ ទំនាក់ទំនងរវាងអ្នកទាំង២ ទម្រាំដើរដល់ចំនុចមួយនេះ ក៏ត្រូវលាក់បាំងមិនស្ទើរដែរដោយសារតែកំពុងមើលចិត្តគ្នានៅឡើយ។
យោងតាមការចែករំលែកនៅលើ IG របស់ប្អូនស្រីរបស់ ស្រីនា បានបង្ហាញអារម្មណ៍ធូរទ្រូងបែបនេះថា ចាប់ពីពេលនេះទៅនាងមិនចាំបាច់ត្រូវប្រុងប្រយ័ត្ន និងពិនិត្យគ្រប់ជំហានរាល់សកម្មភាពដែលបានបង្ហាញនៅលើបណ្តាញសង្គមទៀតឡើយ ព្រោះតាំងពីដើមមករាល់ពេលចង់ផុសអ្វីមួយគឺត្រូវពិនិត្យឱ្យបានល្អិតល្អន់ខ្លាចក្រែងជាប់សម្លេងរបស់លោក ហេង វិសាល ប្រសិនជាមានជាប់អ្វីដែលទាក់ទងនឹងលោកតែបន្តិចគឺត្រូវលុបចោលវិញឱ្យលឿនជាទីបំផុត។
បន្ថែមពីនេះ ក៏មិនចាំបាច់ត្រូវពិបាកលាក់បាំងទៀតរាល់ពេលទៅញ៉ាំអាហារតែ២នាក់ ដោយអាចបង្ហាញខ្លួនបណ្តើរគ្នាជាផ្លូវការហើយ ព្រោះរយៈពេលមើលចិត្តគ្នាជិត៣ឆ្នាំមកនេះគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ យ៉ាងណាមិញ ពិធីភ្ជាប់ពាក្យរបស់ Youtuber ល្បីឈ្មោះទាំង២នេះបានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកទាំង២រំភើបខ្លាំងស្ទើររកពាក្យបរិយាយមិនបានដោយពួកគេបានហៅគូស្នេហ៍មួយនេះថា ជាគូស្នេហ៍ល្អបំផុតប្រចាំឆ្នាំ៕