
កម្សាន្ត៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ Etta Ng Chok Lam ដែលជាកូនស្រីរបស់ Jackie Chan ជាមួយនឹង Elaine Ng Yi-Lei ប្រទះឃើញនៅរដ្ឋ Toronto ប្រទេសកាណាដា ឈរតម្រង់ជួរចាំទទួលអាហារឥតគិតថ្លៃសម្រាប់ផ្តល់ជូនអ្នកដែលកំពុងជួបបញ្ហាខ្វះខាតជាពិសេស។

ដោយសារមិនទាន់បញ្ចប់ការសិក្សា ក៏ដូចជាមិនមានបទពិសោធន៍ការងារផងនោះ ធ្វើឱ្យ Etta Ng Chok Lam អាចរកការងារណាដែលប្រើប្រាស់កម្លាំងប៉ុណ្ណោះ។ រំឭកទៅកាលពីឆ្នាំ២០១៨ កន្លងទៅដោយសារ Etta Ng Chok Lam ជាមនុស្សស្រលាញ់ភេទដូចគ្នា នាងក៏បានទៅរស់នៅប្រទេសកាណាដាជាមួយមិត្តស្រី Andi ដើម្បីមានសេរីភាពក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។

ទោះជាយ៉ាងណា ជីវិតរបស់ Etta Ng Chok Lam ត្រូវដើររើសអេតចាយដើម្បីចិញ្ចឹមជីវិត និងគេងនៅតាមផ្លូវរយៈពេលជាង ១ខែ បើទោះបីជាអ្នកទាំង២ព្យាយាមរកជំនួយពីសប្បុរសធម៌ មណ្ឌលគាំទ្រ LGBTQ មន្ទីរពេទ្យ ឬ ស្នាក់ការប៉ូលិសក៏ដោយក៏គ្មានអ្នកណាជួយពួកគេទាំង២ដែរ។ ដោយសាររស់នៅវេទនាខ្លាំងពេក Etta Ng Chok Lam បានថតវីដេអូអះអាងថាខ្លួនជាកូនរបស់ Jackie Chan ដើម្បីសុំជំនួយទៀតផង។
បន្ទាប់ពីឃើញភាពលំបាកខ្លាំងពេក ម្តាយរបស់ Etta Ng Chok Lam បានពឹងឱ្យមិត្តភក្តិជួយយកកូនស្រីរបស់ខ្លួនត្រលប់ទៅហុងកុងវិញ ទោះជាយ៉ាងណាម្តាយកូនទាំង២នៅតែឈ្លោះគ្នាឥតឈប់ឈរដដែលជាហេតុនាំគ្នា Etta Ng Chok Lam យល់ថា ម្តាយរបស់ខ្លួនមិនគាំទ្រខ្លួនស្រលាញ់ភេទដូចគ្នាឡើយ ដូចនេះ Etta Ng Chok Lam ក៏សម្រេចចិត្តចាកចេញពីផ្ទះម្តងទៀតដើម្បីទៅរស់នៅជាមួយ Andi។
គួរបញ្ជាក់ដែរថា កាលនៅក្មេង Etta Ng Chok Lam ត្រូវបានមិត្តភក្តិសើចចំអក និងតែងមានជម្លោះជាមួយម្តាយជាញឹកញាប់ ជាហេតុធ្វើឱ្យ Etta Ng Chok Lam រងគ្រោះផ្លូវអារម្មណ៍រហូតធ្លាប់អារដៃ និងប៉ុនប៉ងធ្វើអត្តឃាតក្នុងរូបភាពផ្សេងៗទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបង្ហាញថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នាមក ធ្វើឱ្យទំនាក់ទំនងម្តាយកូនទាំង២ រឹតតែស្ថិតក្នុងស្ថានភាពតឹងតែងខ្លាំងឡើង៕


