
កូរ៉េខាងត្បូង៖ ទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Park Min Young និង Kang Jong Hyun បានផ្ទុះឡើងត្រឹមមួយប៉ប្រិចភ្នែករហូតធ្វើឱ្យបណ្តាសារព័ត៌មាន និងអ្នកគាំទ្រជាច្រើននាំគ្នាចង់ដឹងចង់ឮពីជីវិតស្នេហារបស់អ្នកទាំង២ជាខ្លាំង។

ប៉ុន្តែមិនបានប៉ុន្មានផង អ្នកទាំង២បែរជាប្រកាសចែកផ្លូវគ្នាវិញ ជាហេតុនាំឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ។ យ៉ាងណាមិញ បន្ទាប់ពីផ្ទុះព័ត៌មានបែកគ្នារួចមក ក៏មានព័ត៌មានចចាមអារ៉ាមចុះផ្សាយពីមូលហេតុនៃការបែកគ្នារបស់អ្នកទាំង២ជាច្រើនផងដែរ។
រហូតមកដល់ថ្ងៃទី១២ ខែតុលា ថ្មីៗនេះ Kang Jong Hyun បានចេញមុខបញ្ជាក់ច្បាស់ៗពីមូលហេតុនៃការបែកគ្នារបស់អ្នកទាំង២ដើម្បីបំបាត់ចំងល់ថា ការបែកគ្នារវាងលោក និង Park Min Young ដោយសារមិនចង់ឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តារាសម្តែងត្រកូល Park ដែលមានឈ្មោះបោះសម្លេងក្នុងវិថីសិល្បៈ។
ចំណែកឯព័ត៌មានចចាមអារ៉ាមរឿងរថយន្តទំនើបវិញ Kang Jong Hyun បានអះអាងថា លោកមិនមែនជាអ្នកទិញរថយន្តសេរីទំនើបនោះឱ្យនាងឡើយ អ្វីដែលលោកទិញឱ្យគឺមានតែកាបូបម៉ាកល្បីមួយប៉ុណ្ណោះ ផ្ទុយទៅវិញគឺលោកទេដែលជាអ្នកទទួលបានកាដូពី Park Min Young ញឹកញាប់៕
