
កម្សាន្ត៖ អំឡុងពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨ ធុច សាលិក ចាប់ផ្តើមមានពន្លឺសំណាងរះឡើងបន្ទាប់ពីស្ត្រីជនជាតិម៉ាឡេស៊ី ដែលជាអ្នកទេសចរ បានទៅកម្សាន្តក្នុងខេត្តសៀមរាប បានចែករំលែកវីដេអូដែល សាលិក និយាយ ១៦ភាសា ដើម្បីលក់វត្ថុអនុស្សាវរីយ៍យកប្រាក់ខ្លះជួយដោះបំណុលគ្រួសារ។

វីដេអូមួយនោះទទួលបានអ្នកចូលទស្សនារហូតដល់ ១,៣លានដងឯណោះត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក វាសនារបស់ ធុច សាលិក បានផ្លាស់ប្តូរទាំងស្រុង ថែមទាំងមានឱកាសបានទៅសិក្សានៅប្រទេសចិនដែលជាទឹកដីក្នុងក្តីប្រាថ្នារបស់ សាលិក ជាយូរមកហើយ។
សាលិក បានសិក្សាក្នុងវិទ្យាស្ថាន Hailang ស្ថិតក្នុងខេត្ត ជឺជាំង ដែលជាសាលាឯកជនដ៏ធំមួយនៅប្រទេសចិនដែលមានចំនួនសិស្សប្រមាណ ៦ម៉ឺននាក់មកពី ២៣ប្រទេសជុំវិញពិភពលោក។ ភាពឆ្លាតវៃរបស់ សាលិក បានធ្វើឱ្យរយៈពេលត្រឹម ១ឆ្នាំប៉ុណ្ណោះ ក្មេងប្រុសរូបនេះ អាចប្រើប្រាស់ភាសាចិនទំនាក់ទំនងជាមួយមិត្តរួមសាលាបានយ៉ាងរលូន។

ប៉ុន្តែមកដល់ឆ្នាំ ២០២០ សាលិក បានត្រលប់មកមាតុប្រទេសវិញ បន្ទាប់ពីវីរុសកូវីដ១៩វាយលុកពេញពិភពលោក និងបន្តរៀនតាមអនឡាញវិញ។ ពីក្មេងប្រុសដែលដើរលក់វត្ថុអនុស្សាវរីយ៍តាមផ្លូវ ពេលនេះ ធុច សាលិក បានផ្លាស់ប្តូរ ១៨០ដឺក្រេដោយ សាលិក មានវ័យ ១៨ឆ្នាំហើយ និងបានអភិវឌ្ឍខ្លួនក្លាយជា KOL បានចុះកុងត្រាជាមួយផលិតកម្មក្នុងស្រុក ថែមទាំងមានអ្នកចាត់ការផ្ទាល់ខ្លួនទៀតផង។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ សាលិក ថែមទាំងបើកលក់សម្លៀកបំពាក់ជាអាជីវកម្មផ្ទាល់ខ្លួនទៀតផង។ បច្ចុប្បន្ន ធុច សាលិក បានបន្តថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញផងដែរ៕






