
កម្សាន្ត៖ រំឭកទៅកាលពីថ្ងៃទី១៥ ខែតុលា តារាស្រីល្បីឈ្មោះ Selena Gomez និង Hailey Bieber បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីរូបភាពស្និទ្ធស្នាលរបស់អ្នកទាំង២ដែលបានចូលរួមក្នុងកម្មវិធី Film Academy Museum នៅទីក្រុង LA សហរដ្ឋអាមេរិក ត្រូវបានចែកចាយឡើងពាសពេញបណ្តាញសង្គម។

អ្នកណាក៏ដឹងដែរថា តារាចម្រៀង Selena គឺជាអតីតគូស្នេហ៍របស់តារាចម្រៀងល្បីឈ្មោះ Justin Bieber ប៉ុន្តែអ្នកទាំងបានចែកផ្លូវគ្នារយៈពេល ៤ឆ្នាំមកហើយ។ បន្ទាប់ពីចែកផ្លូវគ្នាបានរយៈពេលត្រឹម ៣ខែប៉ុណ្ណោះ Justin ក៏បានប្រកាសមង្គលការរបស់ខ្លួនជាមួយនឹងតារាបង្ហាញម៉ូត Hailey ជាផ្លូវការ។
ចាប់ពីពេលនោះមក មហាជនជាច្រើនតែងនាំគ្នានិយាយថា Hailey គឺជាជនទី៣ដណ្តើម Justin ចេញពី Selena ដែលនេះជាមូលហេតុមួយធ្វើឱ្យគ្រប់គ្នាយល់ថា Selena និង Hailey មើលមុខគ្នាមិនចំ។ បើទោះជាតារាស្រីទាំង២នេះព្យាយាមបកស្រាយថាមិនមានបញ្ហាអ្វីនឹងគ្នាយ៉ាងណាក៏ដោយ ក៏មហាជននៅតែមិនជឿដែរ។
គួរបញ្ជាក់ដែរថា រូបភាពស្និទ្ធស្នាលគ្នារបស់ Selena និង Hailey បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ខ្លាំង និងកាលពីពេលថ្មីៗនេះដែរ Selena ក៏បានអះអាងសាជាថ្មីថា “នាង និង Hailey បានរក្សាទំនាក់ទំនងល្អនឹងគ្នាតាំងពីដើម និងមិនដែលមានបញ្ហាអ្វីដូចដែលគ្រប់គ្នាធ្លាប់គិតឡើយ ដូចនេះហើយមិនមានអ្វីប្លែកឡើយដែលអ្នកទាំង២ថតរូបជាមួយគ្នាបែបនេះ”៕


