ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានចម្ងាយជាង១៣៨គីឡូម៉ែត្រ ចំណាយជាង ១.៦៣៨ លានដុល្លារអាមេរិក នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវឆ្លងកាត់ស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ គិតទាំងស្ពាននិងផ្លូវមានប្រវែងប្រហែលជា៥គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿននេះថ្មីទី២នៅកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដើម្បីធ្វើឱ្យបានរួចរាល់ដំណាលគ្នានឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃប្រទេសវៀតណាម ងាយស្រួលតភ្ជាប់ជាមួយផ្លូវ ល្បឿនលឿនជាមួយគ្នាតែម្ដង។
លោកទេសរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានសារសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកមីយ៉ាន់ មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីកពី ២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មករាជធានីភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិតតាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិន រហូតដល់វៀតណាម អាចឆ្លងកាត់បាន៕