
កូរ៉េខាងត្បូង៖ កំពូលចុងភៅលំដាប់ពិភពលោក Gordon Ramsay កំពុងធ្វើឱ្យប្រជាជនកូរ៉េទើសចិត្តជាខ្លាំង បន្ទាប់ពីដំណើរទៅកាន់ទឹកដីប្រទេសកូរ៉េខាងត្បូងដើម្បីចុះពិនិត្យហាងលក់ប៊ឺហ្គើររបស់លោក ស្ថិតនៅ Lotte Tower ទីក្រុងសេអ៊ូល បានធ្វើឱ្យស្ទះដំណើរគេគ្រប់គ្នា បន្ទាប់ពីក្រុមការងាររបស់លោកបានស្នើឱ្យប៉ូលិសនៅទីនោះដាក់ពង្រាយកម្លាំងដើម្បីការពារសុវត្ថិភាពរបស់លោក។

យោងតាមកាសែត Kyunghyang Shinmun បានឱ្យដឹងថា Gordon Ramsay បានស្នើសុំប៉ូលិសពង្រាយកម្លាំងការពារសុវត្ថិភាពរបស់លោកពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈដូចជាពេលជិះរទេះភ្លើងជាដើម។
មិនត្រឹមតែប៉ុណ្ណោះ Gordon Ramsay បានស្នើដល់ប៉ូលិសចុះត្រួតពិនិត្យទីតាំងរថភ្លើងក្រោមដីដែលលោកនឹងធ្វើដំណើររយៈពេល ១ម៉ោងផងដែរ។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភ្នាក់ងាររបស់កំពូលចុងភៅរូបនេះស្នើសុំឱ្យមានការការពារសុវត្ថិភាពបែបនេះ ដោយសារការពារខ្លាចមានហេតុការណ៍មនុស្សរត់ជាន់គ្នាដូចបានកើតឡើងនៅ Itaewon។

យោងតាមសកម្មភាពទាំងប៉ុន្មាននេះ ក៏បានធ្វើឱ្យមានមតិមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះទង្វើជ្រុលហួសហេតុដោយអ្នកនិយមលេងបណ្តាញសង្គមបានចោទជាសំនួរថា៖ “តើលោកជាប្រធានាធិបតី ឬជាអ្នកណា? ប្រសិនជាលោកខ្លាចខ្លាំងបែបនេះហេតុអ្វីមិនធ្វើដំណើរតាមរថយន្តឯកជន និងជួលអ្នកការពារផ្ទាល់ខ្លួន? ហេតុអ្វីត្រូវឱ្យប៉ូលិសនៅកូរ៉េដាក់កម្លាំងពង្រាយខ្លាំងក្លាបែបនេះ”?
ទោះជាយ៉ាងណាក៏មានមតិមួយចំនួនបានយល់ថា ទង្វើទាំងប៉ុន្មាននេះអាចឱ្យយល់ពីហេតុផលរបស់លោកបាន ដោយសារលោកជាបុគ្គលល្បីលំដាប់ពិភពលោក ដូចនេះការពារប្រសើរជាងហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុមិនបានប្រុងប្រយ័ត្នទុកជាមុន៕

