×

អតីតពិធីការិនីទូរទស្សន៍ម្នាក់ អាចនឹងជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេ នៅក្នុងប្រទេសស្លូវីនៀ

ស្លូវីនៀ៖ យោងតាមលទ្ធផលបឋម បានបង្ហាញថា លោកស្រី Natasa Pirc Musar វ័យ ៥៤ឆ្នាំ ជាមេធាវីឯករាជ្យ បានឈ្នះការបោះឆ្នោតប្រធានាធិបតី ក្នុងប្រទេសស្លូវីនៀ សម្រាប់ជុំទីពីរ កាលពីថ្ងៃអាទិត្យ កន្លងទៅ ដោយលោកស្រីនឹងក្លាយជាប្រមុខរដ្ឋស្ត្រីដំបូងបំផុតក្នុងប្រទេសមួយនេះ ។

ក្រោយពីការរាប់សន្លឹកឆ្នោត ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត បានបង្ហាញលទ្ធផលថា លោកស្រី Pirc Musar ទទួលបានសំឡេងគាំទ្រ ៥៣.៨៦% ខណៈគូប្រជែងរបស់លោកស្រី ជាអ្នកនយោបាយស្តាំនិយម និងជាអតីតរដ្ឋមន្ត្រីការបរទេស លោក Andze Logar ទទួលបានសំឡេងគាំទ្រ ៤៦.១៤% ខណៈអ្នកចូលរួមព្រឹត្តិការបោះឆ្នោត មានចំនួនត្រឹម ៤៩.៩% តែប៉ុណ្ណោះ ។
ក្រោយទទួលបានជ័យជម្នះ លោកស្រី Pirc Musar បានប្រាប់អ្នកយកព័ត៌មានថា៖ ” លោកស្រីនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាប្រធានាធិបតីពិតប្រាកដសម្រាប់ប្រជាជនទាំងអស់គ្នា ដើម្បីជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ”។ ក្រៅពីនេះ លោកស្រីក៏បានលើកឡើងនៅក្នុងសុន្ទរកថារបស់លោកស្រីពីបញ្ហាប្រែប្រួលអាកាសធាតុផងដែរ ដោយលោកស្រីមានប្រសាសន៍ទៀតថា នេះជាទំនួលខុសត្រូវរបស់យុវជនទាំងអស់គ្នាក្នុងការថែរក្សាភពផែនដី ដើម្បីឱ្យកូនចៅជំនាន់ក្រោយរបស់យើង រស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អបរិបូណ៌។

សូមជម្រាបថា លោកស្រី Pirc Musar ជាអតីតពិធីការិនីទូរទស្សន៍ ក្រោយមក ក្លាយជាមេធាវីដ៏ល្បីមួយរូប ដែលបានធ្វើយុទ្ធនាការស្តីពីសិទ្ធិមនុស្ស នីតិរដ្ឋ និងបញ្ហាសុខុមាលភាពសង្គម ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង