×

ជីវិតធ្លាក់ដល់សូន្យសល់តែសម្បកខ្លួន សឿ សុធារ៉ា ថែមទាំងត្រូវការប្រាក់ដើម្បីព្យាបាលជំងឺសសៃប្រសាទដែលត្រូវប្រើថ្នាំជាប្រចាំទៀត

ភ្នំពេញ៖ បន្ទាប់ពីម្តាយបានលាចាកលោកទៅ ទីបំផុតគ្រប់យ៉ាងរបស់តារាសម្តែង សឿ សុធារ៉ា ត្រូវបានលាតត្រដាងដោយតារាស្រីវ័យ ៣៥ឆ្នាំរូបនេះកំពុងរងនូវវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតត្រូវប្រើប្រាស់ថ្នាំសរសៃប្រសាទដើម្បីឱ្យស្មារតីនឹងនរ ដែលជំងឺមួយនេះអ្នកនាង សឿ សុធារ៉ា បានកើតរយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែការប្រើប្រាស់ថ្នាំទើបតែក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

ជីវិតរបស់តារាសម្តែងស្រីរូបនេះបានធ្លាក់ដល់ចំណុចសូន្យ បន្ទាប់ពីចាញ់បោកទុងទីនអស់ប្រាក់យ៉ាងច្រើនសន្ធឹក សូម្បីតែផ្ទះក៏ត្រូវលក់ដើម្បីដោះបំណុលគេដែរ។ ពេលនេះជីវិតនៅសល់តែសម្បកខ្លួន និងកូនប្រុសស្រី ២នាក់ប៉ុណ្ណោះ ដែលអាចនិយាយបានថា ម្តាយក៏បានចែកឋាន ជីវិតគូស្រករក៏មិនសមប្រកប និងត្រូវចាញ់បោកគេអស់ទ្រព្យសម្បត្តិពីខ្លួន ថែមទាំងមានជំងឺប្រចាំកាយថែមទៀត។

អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ឱ្យដឹងថា បើទោះជាមិនទាន់លែងលះគ្នាដាច់ស្រេចជាមួយលោក សាពូន មីដាដា និងរស់ក្រោមទ្រនំជាមួយគ្នាក៏ដោយ ប៉ុន្តែនាងមិនមានទំនាក់ទំនងនឹងគ្នាឡើយដោយនាងនៅជាន់ខាងលើ រីឯស្វាមីរបស់នាងនៅជាន់ខាងក្រោមដែលផ្ទះរស់នៅសព្វថ្ងៃគឺជាផ្ទះដែលនាងបញ្ចាំឱ្យម្ចាស់បំណុល តែជាសំណាងដែលម្ចាស់បំណុលចិត្តល្អឱ្យនាងស្នាក់នៅធម្មតាបន្ទាប់ពីកាត់ឈ្មោះឱ្យគេរួចរាល់។

តារាស្រីរូបនេះថែមទាំងបញ្ជាក់ទៀតថា បន្ទាប់ពីរៀបការហើយ នាងមិនដែលរស់នៅចុះសម្រុងគ្នាម្តងណាឡើយ ប៉ុន្តែដោយសារម្តាយរបស់នាងសុំចិត្តមិនឱ្យនាងលែងលះខ្លាចខ្មាស់ញាតិទើបនាងទ្រាំរហូតមកដល់សព្វថ្ងៃ។

សឿ សុធារ៉ា បានឱ្យដឹងបន្ថែមថា នាងខំប្រឹងតស៊ូចិញ្ចឹមកូនទាំង២ដោយមិនមានការជួយទំនុកបម្រុងពីស្វាមីឡើយ។ នាងសុខចិត្តញ៉ាំអាហារមួយថ្ងៃតែមួយពេលប៉ុណ្ណោះដើម្បីទុកឱ្យកូនបានញ៉ាំគ្រប់គ្រាន់ដោយនាងខ្លួនឯងសុខចិត្តផឹកទឹកជំនួសវិញ។ យ៉ាងណាមិញ បន្ទាប់ពីជីវិតជូរចត់ត្រូវបានលាតត្រដាង សប្បុរសជនជាច្រើនបាននាំគ្នាជួយជាថវិកាបានខ្លះដើម្បីឱ្យនាងធ្វើបុណ្យជូនម្តាយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង