×

ទម្រាំអាចបោះជំហានចូលមហាវិទ្យាល័យដ៏ល្បីប្រចាំប្រទេសចិន សិស្សទាំងអស់ត្រូវឆ្លងកាត់ការលត់ដំដូចហ្វឹកហាត់ទាហាន

ចិន៖ នៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់ ជនជាតិចិនជាច្រើនជឿថា ការបានសិក្សានៅមហាវិទ្យាល័យដ៏ល្អមួយនឹងអាចជួយឱ្យអនាគតពួកគេទៅថ្ងៃខាងមុខអាចឈរជើងក្នុងសង្គមបាននឹងនរ ដូច្នេះសិស្សទាំងអស់បានហ្វឹកហាត់លត់ដំទាំងយប់ទាំងថ្ងៃគឺជារឿងសំខាន់បំផុតដើម្បីអាចប្រលងចូលមហាវិទ្យាល័យកំពូលប្រចាំប្រទេសបាន។

ជាក់ស្តែង Hengshui គឺជាវិទ្យាល័យដ៏លំបាក និងល្បីបំផុតប្រចាំប្រទេសចិនដែលជារៀងរាល់ឆ្នាំ សិស្សដែលបានសិក្សានៅវិទ្យាល័យមួយនេះជាច្រើននាក់បានប្រលងជាប់ចូលសិក្សានៅមហាវិទ្យាល័យល្បីៗចំនួន ២គឺមហាវិទ្យាល័យ Peking និង មហាវិទ្យាល័យ Tsinghua។

ទោះជាយ៉ាងណា សមិទ្ធផលល្អដែលសិស្សទាំងអស់ទទួលបានគឺត្រូវដោះដូរជាមួយនឹងការព្យាយាមខ្លាំងបំផុតជាហេតុកម្រិតនៃសម្ពាធដែលពួកគេទទួលបានក៏ខ្ពស់ដូចគ្នា។ យោងតាមកាលវិភាគដែលសិស្សត្រូវអនុវត្តន៍ជាប្រចាំគឺរៀងរាល់៖
– ម៉ោង ៥:៣០ នាទីព្រឹកត្រូវក្រោកសម្អាតខ្លួន
– ម៉ោង ៥:៤០ នាទីព្រឹកត្រូវចុះទៅធ្វើលំហាត់ប្រាណ
– ម៉ោង ៥:៥០ នាទីព្រឹកត្រូវអានសៀវភៅ
– ម៉ោង ៦:៣០ – ៧:៣០ នាទីព្រឹកត្រូវរៀបចំអាហារពេលព្រឹក និងទៅសិក្សា

សម្រាប់កាលវិភាគសិក្សាវិញតម្រូវឱ្យមាន ៥មុខវិទ្យាក្នុងមួយពេល ចំណែកឯរសៀលពេលញ៉ាំអាហារពេលល្ងាចរួចរាល់ សិស្សទាំងអស់ត្រូវចំណាយពេលកន្លះម៉ោងដើម្បីតាមដានព័ត៌មាន បន្ទាប់ពីពេលនោះគឺត្រូវចំណាយពេលកន្លះម៉ោងដើម្បីសិក្សាដោយខ្លួនឯងបន្ថែម និងកំហិតត្រូវបិតភ្លើងចូលគេងនៅម៉ោង ១០:១០ នាទីយប់ទាំងអស់គ្នា។

សម្រាប់សិស្សស្ថិតក្នុងកម្រិតថ្នាក់ទី១០ និង១១វិញគឺត្រូវបន្ថែមថ្នាក់នយោបាយ សកម្មភាពធ្វើការរួមក្រុម ឬ ថ្នាក់សីលធម៌ ដូចនេះមិនថាមានសម្ពាធយ៉ាងណាក៏ដោយ គ្រប់យ៉ាងត្រូវអនុវត្តទៅតាមកាលវិភាគដែលបានកំណត់ដែលមិនខុសពីច្បាប់ទម្លាប់តឹងរ៉ឹងផ្នែកទាហានឡើយ។

យោងតាម SCMP បានឱ្យដឹងថា សាលាក៏បានផ្តល់វីតាមីនគ្រប់គ្រាន់ដើម្បីឱ្យសិស្សមានជីវជាតិគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនប្រលងចូលមហាវិទ្យាល័យផងដែរ ចំណែកឯសិស្សស្រីវិញ សាលាបានផ្តល់ថ្នាំពន្យារកំណើតសម្រាប់ពន្យារការមករដូវដើម្បីប្រាកដថានឹងមិនមានអ្វីរំខានមុនពេលការប្រលងដ៏សំខាន់នេះមកដល់។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កាលពីប៉ុន្មានឆ្នាំមុនត្រឹមរយៈពេលមិនដល់កន្លះឆ្នាំផង មានសិស្ស២នាក់បានធ្វើអត្តឃាតដោយសារសម្ពាធខ្លាំងពេក ទើបសាលាសម្រេចធ្វើរបងហ៊ុព័ទ្ធជិតឈឹង និងបានព្យួរស្លោកលើកទឹកចិត្តសិស្សដើម្បីឈានទៅរកភាពជោគជ័យក្នុងពេលវេលាដ៏លំបាកមួយនេះប្រៀបបីដូចក្នុងមន្ទីរឃុំឃាំងអ៊ីចឹង ប៉ុន្តែសាលាបានបញ្ជាក់ឱ្យដឹងថា របងទាំងនោះធ្វើឡើងដើម្បីរក្សាសុវត្ថិភាពរបស់សិស្សប៉ុណ្ណោះ។

ទោះជាមានភាពលំបាកយ៉ាងណាក្តី ប៉ុន្តែវិទ្យាល័យ Hengshui នៅតែជាស្ថាប័នអប់រំមួយដែលសិស្សជាច្រើនបោះជំហានចូលដើម្បីអនាគតអាចបន្តចូលថ្នាក់មហាវិទ្យាល័យលំដាប់កំពូល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង