
Cristiano Ronaldo និង Lionel Messi កំពុងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ ពិសេសអ្នកគាំទ្ររបស់តារាបាល់ទាត់ទាំងពីររូប មានការរំជើបរំជួលយ៉ាងខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម នៅពេលមួយថ្ងៃមុនពិធីបើកព្រឹត្តិការណ៍ដ៏ធំនៅលើពិភពលោក FIFA World Cup Qatar 2022 ។

ទាំង Ronaldo និង Messi បានធ្វើការបង្ហោះរូបថតដែលទទួលការចាប់អារម្មណ៍ នៅលើគណនីបណ្ដាញសង្គមរៀងៗខ្លួន ដែលទទួលបានការចុះ Like រាប់លានដងច្រើនខុសពីការបង្ហោះសព្វដង។
ក្នុងរូបថតនេះ កំពូលកីឡាករទាំងពីរ បានថតរូបរួមគ្នា ដែលបង្ហាញពីសកម្មភាពកំពុងលេងអុកតទល់គ្នា ដើម្បីផ្សព្វផ្សាយឱ្យក្រុមហ៊ុនម៉ាកយីហោដ៏ល្បីមួយ។
Ronaldo ដែលបច្ចុប្បន្នលេងឱ្យក្លិប Manchester United និង Messi ដែលលេងឱ្យ Paris Saint-Germain នឹងតំណាងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលនឹងចាប់ផ្ដើមនៅម៉ោង 9:40 នាទីយប់ថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដែល CBS នឹងផ្សាយបន្តផ្ទាល់ផ្តាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ក្នុងពេលដំណាលគ្នា៕

