×

ធ្លាប់ដណ្តើមបានពានរង្វាន់ជាតារាឯកគ្រប់ទម្រង់កាលពីឆ្នាំ២០១៦ ពេលនេះ ឌី សូនិត្តា ដណ្តើមបានពានរង្វាន់តារាចម្រៀងអាជីពក្នុងកម្មវិធីលំដាប់ពិភពលោកទៀត

ភ្នំពេញ៖ ជាជោគជ័យមួយទៀតហើយដែលកាលពីពេលថ្មីៗនេះ ឌី សូនិត្តា ដណ្តើមបានពានរង្វាន់ជាតារាចម្រៀងអាជីពក្នុងកម្មវិធីលំដាប់ពិភពលោកមួយបន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

គ្រប់គ្នាតែងសរសើរតារាស្រីរូបនេះថាជានារីរឹងមាំម្នាក់ដែលទោះបីជាឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយក៏នាងនៅតែធ្វើបានល្អដដែល ជាក់ស្តែងអំលុងពេលនៃការប្រលង ឌី សូនិត្តា ធ្លាប់បានចែករំលែកបញ្ហាឱ្យអ្នកគាំទ្ររបស់នាងបានដឹងដើម្បីឱ្យធូរអារម្មណ៍ ដែលមានរឿងជាច្រើនកើតឡើងផ្ទួនៗគ្នាធ្វើឱ្យនាងស្ទើរមិនអាចបន្តរដំណើរទៅមុខទៀតបាន។

យ៉ាងណាមិញ តារាស្រីរូបនេះបានឱ្យដឹងថា សំណាងល្អដែលនាងមានម្តាយ និងក្រុមគ្រួសារល្អ មិនដូច្នេះទេនាងអាចនឹងកើតសម្ពាធផ្លូវចិត្តសម្លាប់ខ្លួនបាត់ទៅហើយ។ បន្ថែមពីលើភាពជោគជ័យទាំងប៉ុន្មាននេះ ឌី សូនិត្តា បានបញ្ជាក់ថា ព្រោះមានម្តាយជានារីរឹងមាំម្នាក់ដែលតែងអប់រំទូន្មានកន្លងមកទើបនាងអាចឆ្លងកាត់បញ្ហាជាច្រើនក្នុងឆាកជីវិតឱ្យទទួលបានភាពជោគជ័យដូចសព្វថ្ងៃ។

គួរបញ្ជាក់ដែរថា ក្រៅពីធ្លាប់ដណ្តើមបានពានរង្វាន់ជាតារាសម្តែងឆ្នើមមួយរូបហើយ ឌី សូនិត្តា ក៏ទើបដណ្តើមបានជ័យលាភីជាតារាចម្រៀងអាជីពក្នុងកម្មវិធីធំមួយផងដែរ។ មិនត្រឹមតែទទួលបានភាពជោគជ័យក្នុងសិល្បៈប៉ុណ្ណោះទេ តែតារាស្រីរូបនេះថែមទាំងជោគជ័យក្នុងមុខជំនួញរបស់ខ្លួនថែមទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង