ភ្នំពេញ៖ មហាជនជាច្រើននាំគ្នានឹកស្រណោះដល់តារាកំប្លែងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតរបស់អ្នកនាង ខាត់ សុឃីម បន្ទាប់ពីភ្លាមៗលោកបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះក្នុងវ័យ ៤០ឆ្នាំ។
តាមការបញ្ជាក់ពីអ្នកនាង ខាត់ សុឃីម បានឱ្យដឹងថាលោក ខាត់ ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់អំលុងពេលអ្នកនាងទៅសហរដ្ឋអាមេរិកកាលពីខែសីហា ប៉ុន្មានខែមុននេះរហូតត្រូវបញ្ជូនចូលសង្គ្រោះបន្ទាន់។ ប៉ុន្តែក្រោយមកលោកក៏បានធូរស្រាលឡើងវិញ និងបានចេញកាត់សក់តាមរោងការជាច្រើនផងដែរ។ ភ្លាមៗស្រាប់តែលោកបានធ្លាក់ខ្លួនឈឺធ្ងន់ម្តងទៀតដែលលើកនេះមិនអាចសង្គ្រោះជីវិតលោកបានដូចលើកមុនឡើយ។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ឱ្យដឹងពីជំងឺរបស់ប្អូនប្រុសខ្លួនថា ដំបូងឡើយលោក ខាត់ ចំរើន គ្រាន់តែមានជាតិពុលក្នុងថ្លើមប៉ុណ្ណោះ ក្រោយមកក៏បានវិវត្តិន៍មានជំងឺក្រិនថ្លើម បូករួមនឹងការឈឺសន្លាក់ ឡើងជាតិអាស៊ីតលើសកម្រិតបណ្តាលឱ្យអស់ឈាមពីខ្លួនត្រូវបញ្ជូលឈាមជាប្រចាំ និងចុងក្រោយទើបដឹងថាលោកថែមទាំងមានជំងឺបេះដូងរីកមួយមុខទៀត។
ជាប្អូនប្រុស និងជាដៃគូល្អដើរភ្លេងការជាមួយគ្នាលោក ខាត់ ចំរើន បានត្រឹមបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលគ្រួសារត្រកូលខាត់មួយនេះខិតខំកសាងឡើងទម្រាំបានជោគជ័យដូចសព្វថ្ងៃ ប៉ុន្តែពេលនេះលោកបានចាកឆ្ងាយជារៀងរហូតគ្មានថ្ងៃត្រលប់ដែលធ្វើឱ្យក្រុមគ្រួសារលោក ក៏ដូចជាអ្នកគាំទ្រជាច្រើនបានត្រឹមស្តាយស្រណោះប៉ុណ្ណោះ៕