×

ដណ្ដប់ភួយពេលគេងមិនត្រឹមតែជាទម្លាប់ តែនៅមានហេតុផលច្រើនទៀត

នៅពេលយប់យើងអាចនឹងគេងរើទៅរើមក ហើយភួយគឺរបស់តែមួយដែលអាចជួយឱ្យយើងគេងលក់។ នៅពេលដណ្ដប់ភួយ យើងអាចនឹងគេងលក់លឿនជាងមុនទោះបីស្ថិតក្នុងអាកាសធាតុក្ដៅក៏ដោយ។ នេះអាចមកពីមូលហេតុមួយចំនួនដែលធ្វើឱ្យយើងត្រូវគេងដណ្ដប់ភួយទោះបីអាកាសធាតុក្ដៅប៉ុនណាក៏ដោយ។

១. ភួយជួយរក្សាសីតុណ្ហភាពរាងកាយ
មនុស្សយើងគឺមានឈាមក្ដៅដែលនេះមានន័យថារាងកាយរក្សាសីតុណ្ហភាពខាងក្នុង និងជួយឱ្យរាងកាយមានភាពកក់ក្ដៅ។ ប៉ុន្តែនៅពេលគេងលក់ស្ងប់ ការគ្រប់គ្រងរបស់រាងកាយនឹងមានការចុះខ្សោយ។ ដូចនេះហើយទើបយើងព្យាយាមរករបស់នៅជុំវិញខ្លួនជាជំនួយ ហើយភួយគឺជារបស់មួយដែលអាចជួយរក្សាសីតុណ្ហភាព និងជួយរាងកាយឱ្យស៊ាំទៅនឹងសីតុណ្ហភាពដែលយើងត្រូវការ។

២. ភួយជារបស់មួយក្នុងទម្លាប់នៃការគេងរបស់យើង
ទម្លាប់អាចជាមូលហេតុមួយដែលយើងត្រូវការភួយពេលគេង។ នេះមកពីយើងទម្លាប់ដណ្ដប់ភួយតាំងពីក្មេងមក ហើយក៏ក្លាយជាទម្លាប់រហូតដល់ពេលធំឡើង។ ហេតុនេះហើយពេលយើងចូលគេងហើយដណ្ដប់ភួយ រាងកាយអាចនឹងទទួលសញ្ញាថាដល់ម៉ោងគេងហើយ។

៣. ភួយជួយបន្ថយភាពតានតឹង និងអាការថប់បារម្ភ
អ័រម៉ូន serotonin គឺមានតួនាទីសំខាន់ក្នុងការជួយឱ្យយើងមានអារម្មណ៍សប្បាយរីករាយ និងស្ងប់។ នៅពេលយើងមានភាពតានតឹង និងអាការៈថប់បារម្ភ យើងនឹងមានការលំបាកក្នុងការគេងលក់។ ប៉ុន្តែនៅពេលដែលយើងដណ្ដប់ភួយ បរិមាណនៃអ័រម៉ូននេះនឹងកើនឡើង ហើយភាពតានតឹង និងធុញថប់ក៏បាត់ទៅដែរ។

៤.ភួយជួយឱ្យគេងលក់
ភួយជួយបង្កើតបរិយាកាសមួយធ្វើឱ្យសីតុណ្ហភាពមិនមានការប្រែប្រួលខ្លាំង។ នេះអាចជួយឱ្យយើងមានអារម្មណ៍កក់ក្ដៅ ហើយកត្តាជំរុញឱ្យសីតុណ្ហភាពរាងកាយចុះត្រជាក់ក៏មិនជះឥទ្ធិពលខ្លាំងដល់រាងកាយដែរ។ ដូចនេះយើងនឹងគេងលក់លឿនហើយស្ងប់ដោយមិនមានការរំខានអ្វី។

៥. ភួយជួយឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព
ភួយជំរុញឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាពព្រោះពេលនៅក្មេងយើងតែងខ្លាចភាពងងឹត។ ដូចនេះពេលមានអារម្មណ៍ភ័យខ្លាច យើងនឹងដណ្ដប់ភួយដោយជឿថាការធ្វើបែបនេះអាចជួយការពារយើងបាន។ អារម្មណ៍ដែលត្រូវបានការពារនេះក៏នៅរហូតដល់សព្វថ្ងៃនៅពេលយើងដណ្ដប់ភួយ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង