×

កីឡាករជប៉ុនជូនពរកូរ៉េខាងត្បូងឱ្យទទួលជោគជ័យពេលប៉ះអ៊ុយរុយហ្គាយ

កីឡាករជប៉ុន បានជូនពរក្រុមកូរ៉េខាងត្បូងក្នុងការប្រកួត FIFA World Cup Qatar 2022 របស់ពួកគេ ជាមួយក្រុមអ៊ុយរុយហ្គាយ នៅពូល H បន្ទាប់ពីជប៉ុន បានយកឈ្នះលើអាល្លឺម៉ង់ ក្នុងលទ្ធផល 1-2 ។

ជប៉ុន បានវាយបកពីរ គ្រាប់មកវិញក្នុងវគ្គទីពីរ បន្ទាប់ពីអាល្លឺម៉ង់បាននាំមុខមុន ក្នុងការប្រកួតពូល E នៅកីឡដ្ឋាន Khalifa ទីក្រុង Al Rayyan ភាគ ខាងលិចទីក្រុងដូហា។ នេះជាការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលជាលើកទីពីរ ដោយក្រុមអាស៊ីចំនួនពីរ ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អារ៉ាប៊ីសាអ៊ូឌីតលើក្រុមអាហ្សង់ទីន ក្នុងលទ្ធផល 1-2 ផងដែរ ។

កីឡាករជប៉ុនពីរនាក់ បាននិយាយថាពួកគេចង់ឱ្យកូរ៉េខាងត្បូងយកឈ្នះអ៊ុយរុយហ្គាយ ដោយខ្សែបម្រើ Takumi Minamino បានជូនពរអតីតមិត្តរួមក្រុម Red Bull Salzburg ថា៖ “ខ្ញុំមានមិត្តមួយចំនួននៅក្នុងក្រុមកូរ៉េ។ (Hwang) Hee-chan គឺជាមិត្តល្អបំផុត”។ “ពួកគេក៏អាចធ្វើរឿងដ៏អស្ចារ្យបានដែរ។ ពួកយើងចង់ឃើញពួកគេអាចធ្វើវាបានសម្រេច”។

ចំណែកកីឡាករ Takefusa Kubo អាយុ 21 ឆ្នាំគឺជាមិត្តរួមក្រុមជាមួយ Lee Kang-in របស់កូរ៉េខាងត្បូង កាលលេងនៅ RCD Mallorca មុនពេលខ្សែបម្រើជប៉ុនរូបនេះផ្ទេរទៅ Real Sociedad ក្នុងខែកក្កដា ឆ្នាំនេះ។ ទោះជាយ៉ាងណា មិត្តភាពរបស់ពួកគេនៅតែរឹងមាំ។

Kubo បានជូនពរ Lee ថា៖ “កាលពីម្សិលមិញ គាត់បានផ្ញើសារមកខ្ញុំ ហើយបានជូនពរឱ្យខ្ញុំសំណាងល្អសម្រាប់ការប្រកួតថ្ងៃនេះ” ។ “ហើយខ្ញុំនឹងធ្វើដូចគ្នាសម្រាប់គាត់សម្រាប់ការប្រកួតនៅថ្ងៃស្អែករបស់គាត់។ ខ្ញុំដឹងថាការប្រកួតនេះមានសារសំខាន់សម្រាប់គាត់។ ហើយខ្ញុំសូមជូនពរគាត់ជោគជ័យ ព្រោះគាត់ជាមិត្តល្អបំផុតរបស់ខ្ញុំនៅក្នុងកីឡាបាល់ទាត់”។

សូមបញ្ជាក់ថា ការប្រកួតរវាងអ៊ុយរុយហ្គាយ ជាមួយកូរ៉េខាងត្បូង នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CNC តែមួយគត់ ចាប់ពីម៉ោង 7:30 នាទីយប់ថ្ងៃព្រហស្បតិ៍ ទី24 ខែវិច្ឆិកានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង