ហុងកុង៖ ថ្ងៃកំណើតដែលបានឆ្លងក្នុងការប្រគំតន្ត្រីមួយនៅហុងកុង តារាសម្តែងជើងចាស់វ័យ ៩០ឆ្នាំ Wu Fung បែរជាលេចឭព័ត៌មានចចាមអារ៉ាមថាលោកបានសារភាពស្នេហ៍ដល់តារាសម្តែងជើងចាស់វ័យ ៨៨ឆ្នាំ Law Lan នៅខាងក្រោយឆាក។
យោងតាមសេចក្តីរាយការណ៍តាមរយៈហ្វេសបុកផេកឈ្មោះ “TVB Latest News” បានរៀបរាប់ថា បន្ទាប់ពីភរិយារបស់ Wu Fung ទទួលមរណភាពកាលពីឆ្នាំ ២០១៦ មកលោក និង Law Lan មានភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំងឡើងដោយមានកូនប្រុសស្រី ៥នាក់របស់លោកចាំជួយជំរុញផងដែរ។
បន្ថែមពីនេះក៏មានការបញ្ជាក់ទៀតថា តារាសម្តែងទាំង២មានបំណងនឹងរស់នៅជាមួយគ្នាពេញមួយជីវិតដោយមិនមានគម្រោងនឹងចុះឈ្មោះរៀបអាពាហ៍ពិពាហ៍នោះឡើយ។ គ្រាន់តែឃើញព័ត៌មានមួយនេះភ្លាម អ្នកនិយមលេងបណ្តាញសង្គមបាននាំគ្នាចូល comments អបអរសាទរយ៉ាងច្រើន។
ទន្ទឹមនឹងពាក្យចចាមអារ៉ាមមួយនេះហាក់ទទួលបានការចាប់អារម្មណ៍បែបនេះ សារព័ត៌មាន HK01 បានទាក់ទងទៅ Wu Fung ដើម្បីបញ្ជាក់ព័ត៌មានមួយនេះភ្លាម។ គ្រាន់តែឮសំនួរខាងសារព័ត៌មានសួរភ្លាម Wu Fung បានអស់សំណើច និងប្រាប់ថា មានមនុស្សជាច្រើនបានខល និងផ្ញើសារជូនពរលោកគ្រប់គ្នារហូតធ្វើឱ្យលោកមានការងឿងឆ្ងល់ជាខ្លាំង។
ស្របពេលនោះដែរលោកក៏បានចោទជាសំនួរសួរទៅអ្នកសម្ភាសន៍វិញថា “តើអ្នកជឿពាក្យចចាមអារ៉ាមនេះទេ?” សរុបសេចក្តីឱ្យខ្លីមក Wu Fung បាននិយាយតែមួយឃ្លាយ៉ាងខ្លីថា “ទាំងអស់នេះគ្រាន់តែជាព័ត៌មានក្លែងក្លាយដែលគេបង្កើតសម្រាប់ផ្សព្វផ្សាយរឿងថ្មីរបស់គេដែលនឹងមកដល់ឆាប់ៗនេះប៉ុណ្ណោះ៕