
ថៃ៖ ប្រជាប្រិយភាពរបស់ Engfa Waraha បានស្ទុះឡើងខ្លាំងមិនធម្មតារហូតធ្វើឱ្យបវរកញ្ញាលំដាប់រងទី១ Miss Grand International ២០២២ រូបនេះត្រូវបានម្ចាស់ផលិតផលជាច្រើនទាក់ទងចង់សហការការងារជាមួយនាងហូរហែ ជាហេតុធ្វើឱ្យកាលវិភាគការងាររបស់បវរកញ្ញារូបនេះរកពេលវេលាសម្រាកគ្មាន។

ម្ចាស់ផលិតផលជាច្រើននាំគ្នាតម្រង់ជួរដណ្តើម Engfa ឱ្យថតផ្សព្វផ្សាយផលិតផលឱ្យពួកគេ ក៏ដូចជាអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនានាជាច្រើនផងដែរ។ ប្រជាប្រិយភាពស្ទុះឡើងខ្លាំងលើសពីការរំពឹងទុក រហូតតម្លៃក្នុងការអញ្ជើញឱ្យ Engfa បង្ហាញវត្តមានម្តងៗក៏ខ្ពស់តាមនឹងដូចគ្នា ជាក់ស្តែងតាមការចុះផ្សាយដោយវេបសាយ Thaiupdate បានឱ្យដឹងថា បវរកញ្ញារូបនេះស៊ីថ្លៃដល់ទៅ ៧សែនបាតឯណោះក្នុងមួយកម្មវិធីត្រឹមរយៈពេលតែ ១ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា កន្លងមកតារាស្រីសាច់ចាំ Aum Patchrapa គឺជាតារាស្រីដែលស៊ីថ្លៃខ្ពស់ជាងគេក្នុងប្រទេសក្នុងចន្លោះពី ៣សែន-៤សែនបាតក្នុងមួយកម្មវិធី ប៉ុន្តែពេលនេះប្រជាប្រិយភាពរបស់ Engfa បានវ៉ាដាច់រៀមច្បងរហូតមហាជនជាច្រើនក៏មានការភ្ញាក់ផ្អើលចំពោះតម្លៃខ្លួនដ៏ខ្ពស់របស់ Engfa គ្រប់ៗគ្នា៕



