
ហុងកុង៖ នៅក្នុងកម្មវិធី “See You Again 2” តារាសម្តែងជើងចាស់ Ai Wai ទីបំផុតបានបង្ហាញឱ្យដឹងពីមូលហេតុដែលលោក និងអតីតភរិយា Lisa ចែកផ្លូវគ្នាហើយដោយសារអតីតភរិយារបស់លោកញៀនលេងល្បែងម៉ាជាំងខ្លាំងពេក។

មុនពេលធ្វើការសម្រេចចិត្តមួយនេះ Ai Wai ធ្លាប់បានរំឭកទៅ Lisa ដែរថា ប្រសិនជាទៅលេងម៉ាជាំងម្តងទៀត លោកនឹងលែងលះជាមួយនាង។ គួរឱ្យស្តាយដែល Lisa នៅតែមិនអាចគ្រប់គ្រងខ្លួនឯងបាន និងបានសាងកំហុសដដែលមួយនេះទើបអាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំត្រូវបានបញ្ចប់។

រំឭកទៅកាលពីឆ្នាំ២០១៤ ដោយសារ Lisa មានដុំសាច់ក្នុងស្បូន និងត្រូវធ្វើការវះកាត់ ពេលនោះ Ai Wai បានប្រមូលប្រាក់សន្សំទាំងអស់ដែលបានមកពីការសម្តែងទៅបង់ថ្លៃព្យាបាលដល់ប្រពន្ធរបស់លោក។
ដោយសារមិនចង់ឃើញប្រពន្ធខំមើលថែសុខភាព ប៉ុន្តែបែរជាចំណាយពេលដល់យប់ជ្រៅទៅលេងម៉ាជាំង ទើបលោកសុំឱ្យនាងលេងត្រឹមម៉ោង ១១យប់ចូលសម្រាក។ ប៉ុន្តែឥទ្ធិពលនៃការញៀនលេងម៉ាជាំងខ្លាំងពេកទើប Lisa មិនអាចគ្រប់គ្រងខ្លួនឯងបានបែបនេះ។
កំហុសដដែលៗ និងធ្លាប់បានក្រើនរំឭកច្រើនលើកផងនោះ ប៉ុន្តែនៅតែគ្មានដំណោះស្រាយទើប Ai Wai យល់ថា ការលែងលះគ្នាគឺជាដំណោះស្រាយដ៏ល្អបំផុត។ Ai Wai បានបញ្ជាក់បន្ថែមថា លោកមិនដែលប្រាប់ Lisa ឡើយថា លោកមិនដែលគេងលក់ម្តងណាឡើយដោយសារបារម្ភពីភរិយា ហើយអ្វីដែលធ្វើឱ្យលោកតូចចិត្តជាងនេះនោះគឺ អតីតភរិយារបស់លោកសុខចិត្តរើសយកម៉ាជាំងតែមិនរើសយកលោក។
យ៉ាងណាមិញ Lisa បានរៀបរាប់ទាំងទឹកភ្នែកថា នាងមិននឹកស្មានថាបញ្ហាមួយនេះអាចធ្វើឱ្យចំណងអាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំត្រូវកាត់ផ្តាច់បែបនេះឡើយ។ ទោះជាយ៉ាងណា បើនិយាយពីទំនាក់ទំនងវិញ អ្នកទាំង២នៅតែរាប់អានគ្នាដដែលដោយ Lisa ជួយមើលថែសត្វចិញ្ចឹមរបស់ Ai Wai រីឯលោកក៏ជួយមើលខុសត្រូវមុខជំនួញរបស់ Lisa វិញដូចគ្នា៕

