
សង្គម៖ ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្ខោនខោលកម្ពុជាត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូជាផ្លូវការ។

យោងតាមសៀវភៅ «បញ្ជីសារពើភ័ណបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បានវិវឌ្ឍចេញពីល្ខោនព្រះរាជទ្រព្យទៅជាល្ខោនដែលសម្តែងដោយមនុស្សប្រុសសុទ្ធ។ ល្ខោនខោល ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ។
វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនា ធ្វើឱ្យសាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។
ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមានការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ធិអ្នកកាន់សាសនាព្រះពុទ្ធ៕





