
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងរៀបចំឡើងវិញ នូវសង្រ្កាន្តឆ្នាំថ្មី២០២៣ នៅទឹកដីអង្គរ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញ ជាអធិបតីបិទ ការប្រកួតកីឡាជាតិលើក៣ និង កីឡា ជន ពិការជាតិលើកទី១ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វត្តមានកីឡាគុនល្បុក្កតោ នៅសង្ក្រាន្តនាពេលចូលឆ្នាំកន្លងទៅ ពិតជាជំរុញល្បឿន នៃការដាក់ក្បាច់គុននេះទៅចូលទៅការទទួលស្គាល់ពីបញ្ជីបេតិកភណ្ឌទទួលស្គាល់ដោយអង្គការយូណេស្កូ »។ សម្តេចក៏បានបញ្ជាក់ដល់បងប្អូនជនរួមជាតិទូទាំងប្រទេសឲ្យបានជ្រាបថា « សង្ក្រាន្តឆ្នាំថ្មី ២០២៣ សង្ឃឹមថា កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំនៅអង្គរសង្ក្រាន្តនៅពេលនោះ»។
ក្នុងឱកាសនេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ផឹកទឹកត្រូវនឹកដល់ប្រភពទឹក»យើងគួរតែមានការអរគុណយ៉ាងជ្រាលជ្រៅចំពោះដូនតារបស់យើងគ្រប់ជំនាន់ដែលបានខិតខំបន្សល់ទុកស្នាដៃ គឺទុកឲ្យយើងជាក្មេងជំនាន់ក្រោយ ប្រសិនបើដូនតារបស់យើងមិនមានបន្សល់ទុកអ្វីឲ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាដើម្បីយកទៅដាក់ជាបញ្ជីបេតិកភណ្ឌពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះកីឡាករកីឡាការិនីទាំងអស់ដែលបានខិតខំងើបឈរឡើងដើម្បីប្រមូលដើមទុន ឬចាប់តាំងពីក្រោយរំដោះឆ្នាំ១៩៧៩ អ្នកទាំងនោះបានខិតខំងើបឈរឡើង »។
សូមជម្រាបថា តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣១នាទី នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក ត្រូវនឹងម៉ោង ២២៖៣១ នាទី ម៉ោងនៅកម្ពុជា បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បី ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។នេះគឺជាមោទកភាពថ្មីមួយបន្ថែមទៀតនាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលសម្រាប់ប្រជាជនយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងពិភពលោកផងដែរ។
ការចុះ បញ្ជីនេះ បានផ្តល់ទាំងតម្លៃ ទន្ទឹមគ្នានឹងកាតព្វកិច្ចចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការថែរក្សា ការពារក្បាច់គុនបុរាណខ្មែរដ៏កម្រមិនអាចកាត់ថ្លៃបាន ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជាតិ ជំនាន់ក្រោយតរៀងទៅ៕


