
ហុងកុង៖ បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងតារាស្រី Yang Mi មិនទទួលបានជោគជ័យ និងឈានដល់ផ្លូវលែងលះគ្នាកាលពីខែធ្នូ ឆ្នាំ២០១៨។ Hawick Lau ធ្លាប់លេចឮពាក្យចចាមអារ៉ាមថាលោកមានទំនាក់ទំនងជាមួយតារាស្រី Una You ប៉ុន្តែភ្លាមៗត្រូវបាននាងចេញមុខបដិសេធពាក្យចចាមអារ៉ាមមួយនេះមិនបង្អង់យូរ។

ទោះជាយ៉ាងណា អ្នកនិយមលេងបណ្តាញសង្គមនៅតែចង់ដឹងពីជីវិតឯកជនរបស់ Hawick និងរឹតតែចង់ឃើញអ្នកស្អំបេះដូងរបស់លោកថា នារីម្នាក់នោះជាអ្នកណាឱ្យពិតប្រាកដ។ មិនយូរប៉ុន្មាន គ្រប់គ្នាបានចាប់អារម្មណ៍ឃើញថា តារាប្រុសរូបនេះបង្ហាញភាពផ្អែមល្ហែមជាមួយនឹងតារាសម្តែងស្រីវ័យ ៤០ឆ្នាំ Cherry Li ដោយបើកចំហរជាហេតុធ្វើឱ្យមហាជនចង់ដឹងពីទំនាក់ទំនងរបស់អ្នកទាំង២ថាជាអ្វីនឹងគ្នាឱ្យប្រាកដ។
ជាការពិតណាស់ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន Hawick បានបញ្ជាក់ច្បាស់ៗថា “អរគុណអ្នកទាំងអស់គ្នាដែលបារម្ភ ពួកយើងសុខសប្បាយទេ ពួកយើងបានទាក់ទងគ្នាបានមួយរយៈហើយដែលជាការណែនាំពីមិត្តភក្តិ។ យើងមានបុគ្គលិកលក្ខណៈត្រូវគ្នាខ្លាំង និងពោរពេញដោយភាពរីករាយ ទំនាក់ទំនងរបស់យើងទាំង២គឺដំណើរការទៅរលូនណាស់ អរគុណអ្នកទាំងអស់គ្នាដែលបារម្ភ”។
គួរបញ្ជាក់ដែរថា សម្រាប់គូមួយនេះត្រូវបានមហាជនសង្កេតឃើញថា អ្នកទាំង២តែងបង្ហាញភាពយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកដោយ Hawick មើលថែ Cherry បានយ៉ាងល្អ រីឯនាងក៏បានយកចិត្តទុកដាក់បានគ្រប់ជ្រុងជ្រោយទៅលើ Hawick ផងដែរខណៈពេលកំពុងថតកម្មវិធីដ៏ល្បី Call Me By Fire៕

