
ភ្នំពេញ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីម៉ោង ២រំលងអាធាត្រឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅលើស្ពានជ្រោយចង្វា បានបង្កឱ្យគ្រួសារមួយជិះគ្នា ៣នាក់ដែលក្នុងនោះមានទារកអាយុទើប ២ខែបានរងរបួសធ្ងន់ត្រង់ក្បាល និងឪពុកម្តាយក៏រងរបួសក្នុងថ្លុកឈាមផងដែរ។

ក្រោយពេលកើតហេតុ អ្នកទាំង ៣ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកឯជនបង្កហេតុបានជិះរត់គេច ប៉ុន្តែត្រូវបានសារព័ត៌មានក្នុងស្រុកក៏ដូចជាបងប្អូនខ្មែរតាមដល់ផ្ទះដើម្បីឱ្យជនបង្កហេតុចូលខ្លួនដោះស្រាយចំពោះកំហុសដែលបានបើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿនដូចហោះទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងបណ្តាលឱ្យគ្រួសារដែលជិះគ្នា ៣នាក់រងរបួសធ្ងន់ធ្ងរ។
យ៉ាងណាមិញ ជនបង្កហេតុបានបោះប្រាក់ ២៥០០ដុល្លារដើម្បីបញ្ចប់បញ្ហា កំពុងធ្វើឱ្យមហាជនផ្ទុះកំហឹងជាខ្លាំងដែលមកទល់ពេលនេះមិនទាន់មានវិធានការណ៍តាមច្បាប់ចុះអន្តរាគមន៍នៅឡើយ។ មកទល់ពេលនេះ សិល្បករមួយចំនួន ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នាផុសផុលចែករំលែកទាមទាររកយុត្តិធម៌ដល់ជនរងគ្រោះដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិនទាន់ដឹងស្ថានភាពយ៉ាងណានៅឡើយ៕



