×

វ័យ ៥៦ឆ្នាំតែតស៊ូទៅប្រឡងព្រោះចង់ក្លាយជាគ្រូបង្រៀនដើម្បីបានប្រាក់ចិញ្ចឹមកូន ៤នាក់

ក្រុងសិរីសោភ័ណ៖ យោងតាមគណនីបណ្តាញសង្គមឈ្មោះ Lav Tola Serey Sophorn ដែលជាអ្នកអង្កេតការមួយរូបនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ ដែលបានចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ម្សិលមិញនេះបានចែករំលែកឱ្យដឹងពីស្ត្រីជាបេក្ខជនម្នាក់វ័យ ៥៦ឆ្នាំខំពុះពារទៅប្រឡងក្នុងគោលបំណងចង់ក្លាយជាគ្រូបង្រៀនដើម្បីបានប្រាក់ចិញ្ចឹមកូន ៤នាក់។

យោងតាមប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា ស្ត្រីជាបេក្ខជនប្រឡងរូបនោះឈ្មោះ ហែម ស៊ីណាត ជាស្ត្រីមេម៉ាយមានកូន ៤នាក់។ ស្ត្រីរូបនេះបានឱ្យដឹងថា ដោយសាររូបគាត់ចាស់ហើយមិនមានកម្លាំងឯណាដើម្បីទៅធ្វើការធ្ងន់ឡើយ ដៃជើងក៏ឈឺ ដើរមិនចង់រួច គ្មានកម្លាំងកំហែង និងបារម្ភកូននៅផ្ទះគ្មានអីហូបទើបតស៊ូមកប្រឡងបែបនេះ។

ទោះជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ឡើយថា កូនៗរបស់ស្ត្រីខាងលើមានវ័យប៉ុណ្ណាឡើយទើបបន្ទុកក្នុងគ្រួសារត្រូវធ្លាក់លើរូបគាត់ជាស្ត្រីមេម៉ាយរ៉ាប់រងបែបនេះ។ គួរបញ្ជាក់ដែរថា រយៈពេលទៅប្រឡងនេះ បេក្ខជនឈ្មោះ ហែម ស៊ីណាត បានស្ពាយទឹកមួយដប និងបាយមួយប្រអប់ទៅជាមួយ និងសុំផ្ទះគេស្នាក់អាស្រ័យប៉ុណ្ណោះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង