×

ស្ងាត់ៗ Lok Yi សារភាពថាធ្លាប់លួចស្រលាញ់ Nancy កាល២០ឆ្នាំមុន ប៉ុន្តែមិនហ៊ានចែចង់ដោយសារមិនទាន់មានអាជីពច្បាស់លាស់

ហុងកុង៖ មុនពេលទទួលបានឱកាសក្លាយជាតារាប្រចាំ TVB ដំណាក់កាលដំបូងត្រូវឆ្លងកាត់ការហ្វឹកហាត់ និងធ្វើតេស្តសមត្ថភាពជាមុនសិនទម្រាំអាចមានវត្តមានសម្តែងរឿងឱ្យផលិតកម្មដ៏មានឥទ្ធិពលមួយនេះ។

សម្រាប់ Nancy Wu និង Lai Lok Yi គឺជាតារាប្រចាំ TVB ដែលបានបម្រើការងារឱ្យផលិតកម្មមួយនេះរយៈពេល ២០ឆ្នាំមកហើយរហូតទទួលបានពានរង្វាន់ជាតារាមានភាពស្មោះត្រង់ពី TVB ផងដែរ។ ជាការពិតណាស់ ដែលអ្នកទាំង២បានប្រលងធ្វើតេស្តថ្នាក់សម្តែងក្នុងឆ្នាំជាមួយគ្នាដោយ Lok Yi បានឱ្យដឹងថា នៅពេលធ្វើតេស្ត Nancy សម្តែងបានយ៉ាងណាល្អជាហេតុធ្វើឱ្យនាងក្លាយជាតារាប្រចាំ TVB មួយរំពេច ដោយឡែកលោកវិញមិនមានអ្វីធ្វើរយៈពេលជាច្រើនឆ្នាំ។

ក្រលេកទៅមើល Nancy វិញនៅពេលសួរពីគោលបំណងទៅថ្ងៃអនាគត នាងបានឱ្យដឹងថា នាងពិតជាចង់មានគ្រួសារដូចគេឯងដទៃអ៊ីចឹង ប៉ុន្តែប្រហែលជាតិនេះគ្មានវាសនាឡើយព្រោះអាយុកាន់តែច្រើន ហើយមិនមានអ្នកតាមចែចង់ទៀត។ ចំណែក Lok Yi វិញនៅពេលសួរថា តើលោកចង់ផ្គូផ្គងអ្នកណាឱ្យ Nancy ដែរទេ? Lok Yi បែរឆ្លើយដោយមិនស្ទាក់ស្ទើរថា អត់ទេព្រោះ Nancy មានជម្រើសច្រើនមិនត្រូវការលោកជួយផ្គូផ្គងឡើយ។

បន្ថែមពីនេះផងដែរ Lok Yi ថែមទាំងបានសារភាពថា កាលពី ២០ឆ្នាំលោកធ្លាប់លួចស្រលាញ់ Nancy អំលុងពេលសិក្សាថ្នាក់សម្តែងជាមួយគ្នា។ ទោះជាយ៉ាងណាដោយសារពេលនោះលោកមិនទាន់មានអាជីពអ្វីនៅឡើយ ដូចនេះទើបមិនហ៊ានតាមចែចង់នាងបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង