
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ មន្ត្រីប៉ូលិសនាទីក្រុងសេអ៊ូលបានឱ្យដឹងថា បុរសជនជាតិជប៉ុនក្នុងវ័យជាង ២០ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីប្រើប្រាស់ហិង្សាលើបុរសវ័យជាង ៦០ឆ្នាំជាអ្នករត់តាក់ស៊ីដោយរត់ដេញ វាយ ទាត់ ធាក់ យ៉ាងកំរោលតាមដងផ្លូវ Gangnam។ បើទោះជាអ្នកដំណើរបានធ្វើការឃាត់យ៉ាងណាក៏ដោយ ក៏បុរសជនជាតិជប៉ុនរូបនោះនៅតែតាមប្រទាញប្រទង់មិនលែងដៃឡើយ។

តាមរយៈចម្លើយរបស់បុរសជាអ្នករត់តាក់ស៊ីបានឱ្យដឹងថា នៅពេលដែលបុរសជនជាតិជប៉ុនរូបនោះចូលដល់ក្នុងរថយន្ត រូបគេក៏បាននិយាយភាសាជប៉ុនមក ប៉ុន្តែដោយសារគាត់ស្តាប់មិនយល់បុរសជនជាតិជប៉ុនរូបនោះចាប់ផ្តើមមានកំហឹងឡើងភ្លាមរហូតប្រើប្រាស់ហិង្សាវាយគាត់មិនសំចៃដៃឡើយ។ ទោះជាយ៉ាងណា នៅថ្ងៃទី១៣ ខែធ្នូ នេះបុរសជនជាតិជប៉ុនរូបនោះត្រូវបានប៉ូលិសឃាត់ខ្លួនដោយរូបគេបានសារភាពថា ដោយសារអ្នករត់តាក់ស៊ីមិនយល់ភាសាជប៉ុនដែលខ្លួនបាននិយាយ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីត្រូវបានគេវាយដំយ៉ាងចាស់ដៃ បុរសជាអ្នករត់តាក់ស៊ីបានរងរបួសត្រង់ដៃ ក និងខ្នង ដែលត្រូវការចំណាយពេល ៣សប្តាហ៍ក្នុងការព្យាបាលដែលគិតមកដល់ពេលនេះបានកន្លងទៅបាន ២សប្តាហ៍ហើយ៕
