
បារំាង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលួងលោមចិត្តសម្រាប់សមាជិកក្រុមកីឡាករបាល់ទាត់ជម្រើសជាតិបារាំងនៅឯកីឡដ្ឋាន Lusail របស់ប្រទេសកាតា នៅក្រោយពីបារាំងបានចាញ់ការប្រកួតចុងក្រោយ ទៅលើក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងការស៊ុតបាល់ប៉េណាល់ទីកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ។ ធើ្វឱ្យក្តីស្រមៃជាម្ទាស់ពានរង្វាន់ World Cup ពីរដូវកាលត្រូវបានក្លាយជាអាសារបង់។

លោក Macron បានថ្លែងថា លោកពិតជាមានមោទនភាពដែលក្រុមជម្រើសជាតិរបស់បារាំង អាចឡើងមកដល់ក្នុងការប្រកួតវគ្គចុងក្រោយសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២២ ក្នុងប្រទេសកាតា បើទោះបីជាមិនបានបានក្លាយជាម្ទាស់ពានរង្វាន់យ៉ាងណាក្តី ក៏វាបានបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យមួយរបស់ក្រុមកីឡាករបាល់ទាត់បារាំងទៅកាន់ពិភពលោកផងដែរ។ ហើយរឿងមួយនេះអាចសម្រេចទៅបាន ក៏ដោយសារតែទេពកោសល្យ បូករួមទាំងការសាមគ្គីភាពគ្នាដ៏រឹងមាំរបស់សមាជិកក្រុមទាំងអស់។
ការប្រកួតវគ្គចុងក្រោយរវាងកីឡាករក្រុមជម្រើសជាតិបារាំង និងអាហ្សង់ទីនកាលពីយប់មិញ បានបើកឆាកដំបូងដោយហាក់ដូចជាបារាំងកំពុងមានប្រៀប មុននឹងត្រូវអាហ្សង់ទីននាំមុខ ២ ទល់និងសូន្យ ដោយសារគ្រាប់បាល់ពិន័យរបស់កីឡាករ Lionel Messi ហើយនិងគ្រាប់បាល់ទីពីររបស់កីឡាករ Angel Di Maria ។
ក្រោយត្រូវនាំមុខ ២ ទល់និងសូន្យ ការផ្លាស់ប្តូរកីឡាកររបស់ក្រុមជម្រើសជាតិបារាំងត្រូវបានធើ្វឡើងទៅលើកីឡាករចំនួនបួនរូប ដែលហាក់ដូចជាបានជួយឱ្យកីឡាករ Kylian Mbappe មានសន្ទះក្នុងការលេងឡើងវិញ ដោយអាចរកគ្រាប់បាល់បានចំនួន ២ គ្រាប់ជាប់ៗគ្នាក្នុងរយៈពេលត្រឹមតែ ៩៧វិនាទី ដែលជារឿងគួរឱ្យភ្ញាក់ផ្អើល ជួយឱ្យបារាំងតាមស្មើទៅនឹងអាហ្សង់ទីន។
ចំណែកឯនៅក្នុងការប្រកួតថែមម៉ោង ក្រុមជម្រើសជាតិអាហ្សង់ទីនបានធើ្វការនាំមុខបារាំងជាលើកទីពីរ ដោយគ្រាប់បាល់របស់កីឡាករ Messi មុននឹងត្រូវបានតាមស្មើសារជាថ្មីម្តងទៀតដោយកីឡាករ Mbappe ដែលធើ្វឱ្យការក្រកួតត្រូវបញ្ចប់ទៅក្នុងលទ្ធផល ៣ ទល់ ៣ ស្មើគ្នា។ មុននឹងក្រុមជម្រើសជាតិបារាំងត្រូវចាញ់អាហ្សង់ទីនជាផ្លូវការនៅក្នុងការទាត់បាល់ប៉េណាល់ទីចុងម៉ោងក្នុងលទ្ធផល ៤ ទល់និង ២៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect