×

គោលដៅចំនួន៣សម្រាប់ថ្ងៃឆ្លងឆ្នាំសាកលខាងមុខនេះដែលអ្នកមិនគួរមើលរំលង

នៅសល់រយៈពេលតែជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ឈានចូលឆ្នាំ២០២៣ នឹងចូលមកដល់ ខណៈអាជ្ញាធរខេត្តនានាកំពុងរៀបចំទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនឹងមកលេងកម្សាន្តនាឱកាសថ្ងៃឈប់សម្រាកនេះ។

ថ្ងៃនេះ Plus KH សូមណែនាំគោលដៅទេសចរណ៍សំខាន់ចំនួន៣ដែលនឹងមានការរៀបចំយ៉ាងស្រស់ស្អាត ដើម្បីត្រៀមស្វាគមន៍ទេសចរមកពីគ្រប់ទិសទី។

ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នឹងរៀបចំនូវព្រឹត្តិការណ៍ដាក់តាំងបង្ហាញពិព័រណ៍មុខម្ហូបខ្មែររបស់អ្នកស្រុកខេត្តបាត់ដំបង ដែលល្បីល្បាញមានថ្វីដៃធ្វើម្ហូបឆ្ងាញ់ៗ ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង នៅក្នុងឱកាសអបអរសាទរនូវពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២៣ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២២។ អាជ្ញាធរបានកំណត់យកទីតាំង ចាប់ពីសួននាគបាញ់ទឹកមកបរិវេណទីធ្លាខាងក្រៅមុខសាលាខេត្ត បរិវេណមន្ទីរទេសចរណ៍ខេត្ត និងនៅតាមដងផ្លូវភ្លោះចាប់ពីស្ពានថ្ម១៣មករា ខាងមុខសាលាខេត្តចាស់រហូតដល់ស្តុបសួនច្បារយុវ័ន ក្នុងសង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះដែរ ក៏នឹងរៀបចំដាក់តាំងពិព័ណ៌ផលិតផលផ្សេងៗ និងការសម្តែងសិល្បៈ របាំប្រពៃណីនិងរបាំប្រជាប្រិយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចតូច ធំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ចំណែករដ្ឋបាលខេត្តកំពត បានប្រកាសរៀបចំព្រឹត្តិកការណ៍បុណ្យឆ្លងឆ្នាំដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩ធ្នូ ដល់ថ្ងៃទី ៣១ធ្នូ ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍នោះ មានការប្រគុំតន្ត្រីខ្នាតធំចំនួន ៣ទីតាំង ការប្រកួតកីឡាប្រដាល់ និងគុនល្បុក្កតោ ការប្រណាំងទូកនេសាទ និងទូកនាគចំនួន ១៤៨ទូក ដោយមានការសម្ដែងម៉ូតូហោះលើអាកាស ការបាញ់កាំជ្រួចពីល្ងាចថ្ងៃទី៣០ និងយប់ថ្ងៃទី៣១ ជាយប់ឆ្លងឆ្នាំ ព្រមទាំងនាឡិកាយក្សដាក់នៅលើស្ពានឥន្ទធនូជាដើម។

រីឯនៅភូមិភាគឦសាន រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំពិធីបុណ្យចូលឆ្នាំសាកល ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណវិមានឯករាជ្យ នៃខេត្តមណ្ឌលគិរី។ ក្នុងនោះ នឹងមានការប្រគំតន្ត្រី ការតាំងពិព័រណ៍សកម្មភាពការងារ សមិទ្ធផលផ្សេងៗ រួមទាំងពិព័រណ៍អាជីវកម្មផ្សេងៗ និងមានការបាញ់កាំជ្រួចផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង