
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ករណីវាយកម្ទេចកុដិបុរាណចំនួន ៣(លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះមិនឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ការបើកការស៊ើបអង្កេតនេះដោយស្របតាម សារាចរលេខ ០៨ សសរ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។ ក្រៅពីនេះ ក៏ស្របទៅនឹង ព្រះរាជក្រម នស/រកម/០១៩៦/២៦ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩៦ ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ មានករណីវាយកម្ទេចកុដិបុរាណចំនួន ៣(លេខ៤៣, ៤៤ និង៤៥) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ការណ៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសំដែងនូវការសោកស្តាយចំពោះទង្វើនេះ ដែលផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពី ការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។
កុដិបុរាណចំនួន ៣នេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។ ទង្វើនេះ កំពុងរងការរិះគន់យ៉ាងផុលផុសពីមហាជនតាមរយៈបណ្ដាញសង្គមផងដែរ។
ក្រសួងសូមបញ្ជាក់ថា សកម្មភាពរើរុះ និងកម្ទេចកុដិចាស់នេះ មិនបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងធម៌ និងវិចិត្រសិល្បៈ ដែលជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងចរាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមានដោយ ដែលបានបញ្ជាក់ថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌ ត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ៕




