×

«បុប្ផាលាក់ខ្លួន» ខេត្ត​តាកែវ ជាទីតាំង​ទាក់ទាញ​គម្រោង​វិនិយោគ​រោងចក្រ​ផ្គុំដំឡើង​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​អេឡិចត្រូនិក

អត្ថបទ៖ សៀម ប៊ុនធី

តាកែវ៖ ខេត្តតាកែវ ដែលជាដែនដីវ័យចំណាស់ជាងគេនៅក្នុងប្រទេស កំពុងក្លាយជាគោលដៅទាក់ទាញវិនិយោគសំខាន់មួយរបស់កម្ពុជា ខណៈទីតាំងភូមិសាស្ត្ររបស់ខេត្តនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តព្រះសីហនុ ដែលមានកំពង់ផែសម្រាប់ដឹកជញ្ជូនទំនិញ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗ គឺផ្លូវជាតិលេខ ៣ និងលេខ ២ កំពុងសាងសង់ជិតបញ្ចប់រួចរាល់។ ជាមួយគ្នានេះ វាក៏មានព្រំដែនជាប់ប្រទេសវៀតណាមផងដែរ។

កត្តានៃភាពអំណោយផលទំាងនេះ នឹងជំរុញឲ្យខេត្តតាកែវ ក្លាយជាទីតាំងឧស្សាហកម្ម ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ស្របពេលគោលនយោបាយរបស់រាជរដ្ឋាភិបាល កំពុងអូសទាញរោងចក្រ សហគ្រាសឲ្យទៅវិនិយោគនៅតំបន់ក្រៅរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់ និងសោ    ភ័ណភាពក្រុង ពិសេសបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

ដូច្នេះខេត្តនេះ មានលក្ខខណ្ឌសមស្របច្រើនសម្រាប់ការសម្រេចចិត្តរបស់អ្នកវិនិយោគ ក្នុងការបង្កើតរោងចក្រ សហគ្រាសរបស់ខ្លួននៅតំបន់នោះ ជាមួយតម្លៃដីធ្លីបច្ចុប្បន្ននៅមិនទាន់ហក់ឡើងខ្ពស់នៅឡើយ បើធៀបនឹងបណ្តាខេត្តសក្តានុពលសំខាន់ៗដទៃទៀត។

ខេត្តតាកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រសិទ្ធនាមថា «បុប្ផាលាក់ខ្លួន» ក៏ព្រោះតែតំបន់រោងចក្រក្នុងខេត្តនេះ មានផលិតនូវផលិតផលដែលជាតម្រូវការនៅលើពិភពលោក ដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម ហើយក៏ជាខេត្តដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រាស រីកចម្រើនជាបន្តបន្ទាប់ ដែលកំពុងជំរុញវិ  ស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើនផងដែរ។

ការប្រសិទ្ធនាមយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺន ៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩។

យ៉ាងណាមិញថ្មីៗនេះ ក្រុមហ៊ុន KUANTECH (CAMBODIA) INTERNATIONAL CO., LTD បានបង្ហាញគម្រោងវិនិយោគជិត ៣០លានដុល្លារ បង្កើតរោងចក្រផ្គុំដំឡើង គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាសអេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់គ្រប់ប្រភេទ នៅខេត្តតាកែវ។

គម្រោងវិនិយោគនេះ ត្រូវបានអនុម័តរួចហើយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រ មាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

រោងចក្រ សហគ្រាស ដែលកំពុងដំណើរការនៅខេត្តតាកែវ រួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតកាបូប ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័ត និងផលិតសក់សិប្បនិម្មិត ដែលផលិតផលទាំងនេះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង