×

អភិបាលខេត្តកំពង់ស្ពឺ គ្រោងផ្តល់ម៉ូតូ២២គ្រឿងដល់បេក្ខជនប្រឡងបាក់ឌុបបាននិទ្ទេសA

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រដ្ឋបាលខេត្ត ក៏ដូចជាបេក្ខជនប្រឡងកំពុងរង់ចាំថ្ងៃនេះ បានចេញជាលទ្ធផលហើយគឺ ខេត្តកំពង់ស្ពឺ មានបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A ចំនួន ២២នាក់។ ដូចដែលបានសន្យា រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងផ្តល់ម៉ូតូម្នាក់មួយគ្រឿងដល់បេក្ខជនដែលទទួលបាននិទ្ទេសល្អបំផុតនេះ។ លោកបានលើកឡើងដូចនេះ ក្នុងឱកាសកាត់ស្រោមសំបុត្រលទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៥-៦ខែធ្នូកន្លងទៅ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។

លោក វ៉ី សំណាង បានលើកឡើងថា កាលពីឆ្នាំ២០២១ សម្រាប់ខេត្តកំពង់ស្ពឺមានបេក្ខជនទទួលបាននិទ្ទេសA រហូតដល់ទៅ ៣៧នាក់ ដែលកាលណោះ ស្ថានភាពនៃការសិក្សាកំពុងស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយក្រោយប្រកាសលទ្ធផលរដ្ឋបាលខេត្តបានសម្រេចប្រគល់ម៉ូតូម្នាក់មួយគ្រឿង ដើម្បីលើកទឹកចិត្ត។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្វីត្បិតលទ្ធផលនៃការប្រឡងមិនបានដូចឆ្នាំកន្លងទៅ តែវាបានសបញ្ជាក់ពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់បេក្ខជន រហូតទទួលបានលទ្ធផលល្អប្រសើរ និងជាទីមោទករបស់ក្រុមគ្រួសារ ពិសេសជាងនេះគឺ ទទួលបានការឧបត្ថម្ភម៉ូតូម្នាក់មួយគ្រឿងសម្រាប់ជាមធ្យោបាយក្នុងការធ្វើដំណើរទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

ជាមួយគ្នានេះ លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យលើកឡើងថា ការប្រឡងឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន ហើយលទ្ធផលនៃការប្រឡង បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់បេក្ខជនប្រឡងទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង