×

ខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល២០២២-២០២៣ ធំជាងបណ្តាឆ្នាំមុនៗ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានអះអាងថា សម្រាប់ពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ អាជ្ញាធរបានរៀបចំព្រឹត្តិការណ៍កម្សាន្តធំជាងបណ្តាឆ្នាំមុនៗ និងបានត្រៀមរួចជាស្រេចដើម្បីទទួលទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តទេសចរណ៍មួយនេះ។

អភិបាលរង និងជាអ្នកនាំពាក្យ សាលាខេត្តសៀមរាប លោក លី សំរិទ្ធ បានថ្លែងប្រាប់នាព្រឹកថ្ងៃទី២៦ ខែធ្នូនេះថា អាជ្ញាធរបានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានរៀបចំតុបតែងភ្លើងពណ៌លម្អតាមដងផ្លូវ និងតាមសួនច្បារ សណ្ឋាគារ មានភាពស្រស់ស្អាត និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីឱ្យបងប្អូនមកលេងសប្បាយ កុំឱ្យមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។

លោកបន្តថា នៅឆ្នាំនេះ អាជ្ញាធរបានរៀបចំកន្លែងកម្សាន្តនៅក្នុងថ្ងៃឆ្លងឆ្នាំខាងមុខនេះ ក្រៅពីដើរកម្សាន្តនៅសួនច្បារមុខព្រះរាជដំណាក់ តាមមាត់ស្ទឹងសៀមរាបទាំងសងខាង មានការប្រគំតន្ត្រីនៅតាមទីតាំងមួយចំនួន និងមានរៀបចំការជិះទូកនៅតាមដងស្ទឹងសៀមរាប។

តាមសេចក្ដីជូនដំណឹង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងរយៈពេល៨ថ្ងៃនេះ នឹងមានកម្មវិធីសប្បាយជាច្រើនរួមមាន ការជិះទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងពិព័រណ៍ កម្មវិធីផ្សារទឹក កម្មវិធីប្រគំតន្រ្តី ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង