
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ កម្ពុជានៅបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២២°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C ហើយធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩°C សីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C ហើយធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ សម្រាប់ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។
ដោយឡែកនៅ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២°C សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។
ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕

