កូរ៉េខាងត្បូង៖ បន្ទាប់ពីបានប្រកាសទំនាក់ទំនងជាមួយនឹងតារាសម្តែងសញ្ជាតិអង់គ្លេស Katy Louise Saunders មកបានធ្វើឱ្យព័ត៌មានជាច្រើនជុំវិញរឿងស្នេហារបស់ Song Joong Ki ត្រូវបានមហាជនរង់ចាំតាមមើលគ្រប់សកម្មភាព។
អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះគឺ ស្នេហារបស់តារាប្រុសរូបនេះបែរជាជួបនូវពាក្យខ្សឹបខ្សាវមិនល្អដោយមតិមួយចំនួនបានលើកឡើងថា លោកគ្រាន់តែប្រើប្រាស់នាងសម្រាប់ងាយស្រួលក្នុងអាជីពការងារប៉ុណ្ណោះ មិនខុសពីទំនាក់ទំនងជាមួយ Song Hye Kyo ឡើយ។
ព័ត៌មានជាច្រើនបានឱ្យដឹងថា តារាសម្តែងជនជាតិអង់គ្លេសដែលជាមិត្តស្រីបច្ចុប្បន្នរបស់តារាប្រុសត្រកូល Song រូបនេះជាចំណែកបានបង្រៀនភាសាអង់គ្លេស និងអ៊ីតាលីដល់លោកអំឡុងពេលថតរឿង Vincenzo រហូតទទួលបានជោគជ័យ។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះបានលេចឮពាក្យចចាមអារ៉ាមថា Song Joong Ki ក៏ទទួលបានឱកាសសម្តែងរឿងភាគរបស់អ៊ីតាលី ដែលពេលនេះកំពុងស្ថិតក្រោមការពិភាក្សាគ្នា។
ដូចនេះបើរំឭកដល់ជីវិតស្នេហារវាងលោក និង Song Hye Kyo វិញទំនាក់ទំនងរបស់លោកបានចាប់ផ្តើមចាប់ពីពេលដែលលោកបានសម្តែងរឿង Descendants of the Sun ជាមួយគ្នា និងចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់លោកកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងថែមទាំងមានរឿងសម្តែងជាបន្តបន្ទាប់មិនចេះដាច់ទៀតផង ហើយទាំងនេះជាមូលហេតុដែលធ្វើឱ្យមហាជនមួយចំនួននិយាយថា លោកប្រើប្រាស់មនុស្សស្រីដើម្បីតែផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ៕