
បាត់ដំបង៖ ជាមោទកភាពមួយសម្រាប់ប្រទេសកម្ពុជា ដោយឡែកខេត្តបាត់ដំបង ដែលអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ទទួលបានសញ្ញាបត្រ World Guinness Record បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក ក្នុងការសំដែងសិល្បៈសៀក ដែលមានរយៈពេលវែងជាងគេនៅលើពិភពលោក រហូតដល់២៤ម៉ោង ពេញ និងមានអ្នកចូលទស្សនាជាង៥០០០នាក់ ។

នាយកប្រតិបត្តិអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង លោក អូស្មាន់ ខាវ៉ាចា នៅក្នុងពិធីថ្លែងអំណរគុណដល់ដៃគូរធុរកិច្ចនៃសមាគមហ្វារពន្លឺសិល្បៈ និងពិធីប្រគល់ និងទទួលនូវវិញ្ញាបនបត្រកំណត់ត្រាពិភពលោក World Guinness Record ច្បាប់ដេីមជូនលោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ការរស់រានមានជីវិតរបស់ហ្វាពន្លឺសិល្បៈ ធ្វើយ៉ាងណាឱ្យពិភពលោកទាំងមូលមានការចាប់អារម្មណ៍ចំពោះអង្គការហ្វាពន្លឺសិល្បៈ ក្នុងនោះក៏មិនភ្លេចនូវការថ្លែងអំណរគុណចំពោះក្រុមហ៊ុនទូរស័ព្ទ Cellcard ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការសំដែង ក៏ដូចជាផ្សាយបន្តផ្ទាល់ ជាមួយសិស្សានុសិស្ស និងសិល្បៈករ សិល្បៈការិនីរបស់អង្គការហ្វាពន្លឺសិល្បៈមានចំនួន៩០នាក់ ដែលបានធ្វើការសម្តែង និងមានជំនួយពីបុគ្គលិក និងអ្នកស្ម័គ្រចិត្តចំនួន១៥០នាក់ទៀត ។

លោក អូស្មាន់ ខាវ៉ាចា បានបន្តថា
យើងបានបញ្ចប់នៃការប៉ុនប៉ងឱ្យមានការទទួលស្គាល់ជាលក្ខណៈពិភពលោកពី World Guinness Record នេះ ទន្ទឹមជាមួយគ្នានោះប្រើរយៈពេលយ៉ាងយូរ ដើម្បីផ្តល់នូវភស្តុតាងផ្សេងៗទៅឱ្យក្រុមហ៊ុន World Guinness Record មានរហូតដល់២៥វីដេអូ ស្មើជាង៣០ឯកសារ ដើម្បីជាលក្ខខណ្ឌ និងជាតឹកតាងបង្ហាញថាយើងបានធ្វើការសម្តែងយូរជាងគេក្នុងរយៈពេល២៤ម៉ោងពេញ និងបានជាប់នូវកំណត់ត្រាពិភពលោក
World Guinness Record ផ្ទាល់តែម្តង ។
លោកនាយកប្រតិបត្តិអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង បានបន្តថា ថ្ងៃនេះអង្គការហ្វាបន្លឺសិល្បៈបានប្រគល់ជូននូវវិញ្ញាបនបត្រនេះដល់អភិបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកនូវការអបអរសាទរ ដែលអង្គការហ្វាពន្លឺសិល្បៈបានទទួលនូវសេចក្តីបញ្ជាក់កំណត់ត្រាពិភពលោក World Guinness Record ។

លោក បានលើកឡើងថា ហេតុអ្វីបានជាត្រូវផ្តល់ជូនថ្នាក់ដឹកនាំខេត្តបាត់ដំបង ? ពីព្រោះខេត្តបាត់ដំបង បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគៀងករ ក៏ដូចជាបានអនុញ្ញាតិឱ្យអង្គការហ្វាពន្លឺសិល្បៈ បានសម្តែងសិល្បៈសៀកនេះឡើង ក្នុងនោះក៏មានប្រជាពលរដ្ឋ បានចូលរួមទស្សនាចំនួនជាង៥០០០នាក់ ទាំងនេះគឺជាលក្ខខណ្ឌតម្រូវ ត្រូវតែមានទស្សនិកជនចូលទស្សនាក្នុងរយៈពេល២៤ម៉ោងពេញ នៅក្នុងស្តង់សម្តែងរបស់អង្គការហ្វាពន្លឺសិល្បៈនេះតែម្តង ។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានសម្តែងនូវការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងបុគ្គលិក ព្រមទាំងសិល្បៈករ សិល្បៈការិនីនៃអង្គការហ្វាពន្លឺសិល្បៈខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំធ្វើគ្រប់យ៉ាងដើម្បីបង្កើតអាជីព មុខរបរដល់ប្អូនៗ និងក្មួយៗ ជាយុវជន ក្នុងខេត្តបាត់ដំបង ក៏ដូចជាក្រៅខេត្ត ដែលបានរៀនជំនាញនៅទីនេះហើយចេញទៅវិញសុទ្ធតែមានមុខរបរគ្រប់ៗគ្នា ។
លោក បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងមក អង្គការហ្វាពន្លឺសិល្បៈ បានធ្វើឱ្យខេត្តបាត់ដំបង មានកំណើនភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក៏អាស្រ័យដោយសារមានសិល្បៈសៀករបស់ហ្វាពន្លឺសិល្បៈនេះផងដែរ ។
យ៉ាងណាក៏លោក សុខ លូ បានលើកទឹកចិត្តដល់អង្គការហ្វាពន្លឺសិល្បៈទាំងអស់ សូមបន្តសកម្មភាពរបស់ខ្លួនបន្តទៀតដើម្បីចូលរួមលើកកម្ពស់វិស័យសិល្បៈផង ក៏ដូចជាវិស័យទេសចររបស់ខេត្តបាត់ដំបងផងដែរ ដើម្បីឱ្យមានភាពរស់រវើកទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែទទួលស្គាល់ និងកាន់តែល្បីល្បាញថែមទៀត មិនតែប៉ុណ្ណោះនៅពេលខាងមុខនេះរដ្ឋបាលខេត្ត មានគម្រោងធ្វើសួនសិល្បៈ “ ខ្ញុំស្រឡាញ់បាត់ដំបង ” មួយបន្ថែមទៀតនៅរ៉បមាត់ស្ទឹង ក្រុង និងខេត្តបាត់ដំបង ៕



ដោយ៖ គួយ គឹមស៊ន