
បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់ ត្រូវបានរកឃើញស្លាប់ និង៣០នាក់ បានរងរបួស ក្នុងករណីអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន (Grand Diamond City) ក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១២:០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងធ្វេីការបាញ់ទឹកពន្លត់ ក្រោមការញ្ជាផ្ទាល់ដោយ លោក សិទ្ធិ ឡោះ និងបានប្រើប្រាស់កម្លាំងសរុប ៣៦០នាក់ រថយន្តពន្លត់អគ្គិភ័យ ១១គ្រឿង។ ទន្ទឹមនេះជនរងគ្រោះមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ថា អគារកាស៊ីណូនេះមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង ៤០០នាក់ ដោយយោងតាមរបាយការណ៍ ៕





