
ហុងកុង៖ បន្ទាប់ពីចំណាយពេលវេលាសម្រុកធ្វើការមិនឈប់ឈរកាលពីឆ្នាំមុនមក និងបានបញ្ចប់ការសម្តែង Prosecution Elite កាលពីខែមិថុនា កន្លងទៅតារាសម្តែងស្រីលំដាប់កំពូល Dilraba Dilmurat បានដកឃ្លាពីសិល្បៈ ការបង្ហាញវត្តមានតាមទីសាធារណៈ ក៏ដូចជាសកម្មភាពនៅលើបណ្តាញសង្គមក៏បានកាត់បន្ថយអស់រយៈពេល ៧ខែ ជាហេតុធ្វើឱ្យមហាជនមួយចំនួននាំគ្នាខ្សឹបខ្សាវថានាងកំពុងសំងំពពោះ ព្រោះនាងតែងស្លៀកសម្លៀកបំពាក់រលុងជានិច្ច។

ពាក្យចចាមអារ៉ាមបានផ្ទុះឡើង និងសារព័ត៌មានក៏បានចុះផ្សាយដោយសន្មតថា នាងនឹងសម្រាលកូនក្នុងឆ្នាំ ២០២៣ នេះផងដែរ។ ពាក្យចចាមអារ៉ាមបានសាយភាយជាបន្តបន្ទាប់ Dilraba Dilmurat មិនបានបកស្រាយអ្វីច្រើនឡើយដោយគ្រាន់តែផុសរូបមួយសន្លឹកពាក់អាវខ្លីបញ្ចេញក្បាលពោះរាបស្មើ និងសរសេរប្រយោគថា “ក្រោយញ៉ាំអាហារហើយថ្ងៃនេះ ខ្ញុំនឹងទៅធ្វើលំហាត់ប្រាណខ្លះ”។
នេះជារបៀបដែល Dilraba Dilmurat បញ្ចប់ពាក្យចចាមអារ៉ាមដោយមិនមានការបកស្រាយអ្វីច្រើន ជាហេតុធ្វើឱ្យអ្នកបង្កើតពាក្យចចាមអារ៉ាមលែងមានមតិយោបល់ទៀត៕
