
កំពត៖ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ ៥០០ ដែលមានកំពស់រហូតដល់ ១០៨ម៉ែត្រ នឹងក្លាយជាព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក ហើយនឹងអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យទៅសម្រាកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាឧទ្យានជាតិព្រះមុន្នីវង្សបូកគោ។

យោងតាមការឱ្យដឹងពីអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីធ្វើជាទីសក្ការៈបូជាសម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាទាំងមូល។ ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។ ជាពិសេសទៀតនោះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅសម្រាកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាឧទ្យានជាតិព្រះមុន្នីវង្សបូកគោឱ្យកាន់តែច្រើនបន្ថែមទៀត។
គម្រោងសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គ្រោងនឹងចំណាយថវិកាប្រមាណពី៣០ ទៅ៤០លានដុល្លារ។ គម្រោងនេះក៏នឹងផ្តល់ឱកាសឱ្យប្រជាពុទ្ធបរិស័ទ្ធគ្រប់ទិសទីទាំងអស់អាចចូលរួមជាបច្ច័យក្នុងការកសាងនេះតាមសទ្ធាជ្រះថ្លារៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថា រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ និងមានកំពស់ខ្ពស់ជាងគេនៅលើពិភពលោក គ្រោងនឹងសាងសង់កនៅលើភ្នំបូកគោ ក្នុងតំបន់វាលស្រែ ៥០០ ដែលនឹងត្រូវបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕



អត្ថបទ៖ វង្ស សុធារម្យ