
ហុងកុង៖ រៀបការក្លាយជាប្តីប្រពន្ធរយៈពេល ៧ឆ្នាំ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែងស្រីលំដាប់កំពូល Myolie ជាមួយស្វាមីនៅតែផ្អែមល្ហែមមិនមានភាពប្រែប្រួលឡើយ។ ទំនាក់ទំនងស្នេហារវាង Myolie និង Philip ចាប់ផ្តើមឡើងដោយជួបភ្លាមស្រលាញ់ភ្លែត និងចំណាយពេលត្រឹម ៣ខែប៉ុណ្ណោះក្នុងការមើលចិត្តគ្នាដោយ Philip បានសុំ Myolie រៀបការមិនបង្អង់យូរ។

ក្រោយរៀបការរួច Myolie ទទួលបានសុភមង្គលយ៉ាងពេញលេញដែលស្វាមីនាងស្រលាញ់ថ្នាក់ថ្នមនាងជាខ្លាំង មិនត្រឹមតែតែជាស្វាមីល្អប៉ុណ្ណោះទេតែ Philip ថែមទាំងជាឪពុកល្អដែលបានមើលថែកូនៗនៅពេលដែល Myolie ជាប់ថតភាពយន្តនៅប្រទេសចិនរាប់ខែផងដែរ។ ធ្មេចបើកៗ អ្នកទាំង២បានរំឮកខួបអាពាហ៍ពិពាហ៍៧ឆ្នាំដែលពួកគេបានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គលមួយនេះ។
គួររំឭកថា មុនពេលរៀបការជាមួយ Philip កាលពីឆ្នាំ២០១៥ Myolie ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាប្រុស Bosco Wong រយៈពេល ៨ឆ្នាំ ប៉ុន្តែអ្នកទាំង ២បានចែកផ្លូវគ្នាក្នុងឆ្នាំ ២០១២ ហើយក្នុងពេលបច្ចុប្បន្នបើទោះជា Myolie រៀបការបាន ៧ឆ្នាំ និងទទួលបានកូនប្រុសចំនួន ៣នាក់ក៏ដោយក៏ Bosco នៅមិនទាន់រកឃើញនារីដែលលោកត្រូវចិត្តបាននៅឡើយ៕


