×

បើទោះជាមានការបកស្រាយយ៉ាងណាក៏ Matt នៅតែត្រូវបានមហាជនជាច្រើនទន្ទេញមិនដាច់ពីមាត់ថាជាជនទី៣

ថៃ៖ រឿងរ៉ាវក្តៅគគុកនៃការបែកបាក់ស្នេហា ៥ឆ្នាំរវាងតារាស្រីលំដាប់កំពូល Aum Patcharapa និងសេដ្ឋី Pok Phornprapha ធ្វើឱ្យសារព័ត៌មានចុះផ្សាយព្រោងព្រាតដែលកន្លងមកឃើញអ្នកទាំងពីរល្អូកល្អឺនគ្នាជាខ្លាំង ប៉ុន្តែមិននឹកស្មានថា ទីបំផុតពួកគេបែរជាឈានដល់ការសម្រេចចិត្តចែកផ្លូវគ្នាស្ងាត់ៗក្រោយថ្ងៃកំណើតរបស់ Aum កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងផុតបានប៉ុន្មានថ្ងៃ។

ក្រោយរឿងមួយនេះបានផ្ទុះឡើង ពាក្យចចាមអារ៉ាមមួយចំនួន បានចោទប្រកាន់ដាក់ការសង្ស័យលើតារាស្រី Prang Kannarun, Min Pechaya និង Matt Peranee ថាជាជនទី ៣ជ្រៀតជ្រែងស្នេហារបស់តារាប្រុសស្រីមួយគូនេះ។ ទោះជាយ៉ាងណា Min បានច្រានចោលដោយធ្វើការបដិសេធទាំងស្រុងនៃការចោទប្រកាន់មួយនេះ។ រីឯអ្នកចាត់ការរបស់ Prang ក៏បានចេញមុខអះអាងនៃការចោទប្រកាន់នេះដូចគ្នា។

ចំណែកឯ Matt ក៏មិនបង្អង់យូរឡើយដោយនាងបានចេញមុខបញ្ជាក់ច្បាស់ៗថា មិនមានរឿងបែបនេះកើតឡើងទេ ថែមទាំងបានផ្ញើសារទៅ Aum ដោយបាន Screenshot ការសន្ទនារវាងនាង និង សេដ្ឋី Pok ឱ្យមើលជាព័ស្តុតាងបញ្ជាក់ផងដែរថាអ្នកទាំងពីរ មិនមានអ្វីនឹងគ្នាស៊ីជម្រៅឡើយ។ ទោះជាយ៉ាងណា សម្រាប់ Matt ត្រូវមហាជនស្អប់ពេញប្រទេសរហូតដាក់រហ័សនាមឱ្យនាងថាជាតារាដែលចូលចិត្តដណ្តើមមនុស្សប្រុសអ្នកមានដែលគេមានម្ចាស់រួចហើយ។

ជាក់ស្តែងបន្ទាប់ពីក្លាយជាជនទី៣បំបែកគ្រួសាររបស់តារាស្រី Aff Taksaorn មកកេរ្តិ៍ឈ្មោះរបស់ Matt បានជាប់ឈ្មោះជាជនទី៣រហូតមកទល់ពេលនេះ ថែមទាំងលើកនេះនាងបង្ហាញប្រតិកម្មជ្រុលចំពោះពាក្យថាជនទី៣ ដែលបានបំបែកបំបាក់ទំនាក់ទំនងរវាង Aum និង Pok បូករួមនឹងព័ស្តុតាងមួយចំនួននៅថ្ងៃឆ្លងឆ្នាំដែលនាង និង សេដ្ឋី Pok ហាក់ស្និទ្ធស្នាលគ្នាខុសធម្មតាទៀតសោត ធ្វើឱ្យមហាជនកាន់តែសង្ស័យថានាងពិតជាជនទី៣បំបែកស្នេហ៍ Aum យ៉ាងច្បាស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង