
ភ្នំពេញ៖ រូបភាពរបស់ ចាន់ ស្រីខួច ជាមួយ វ៉ាន់ដា បានផុសឡើង ដែលធ្វើឱ្យអ្នកគាំទ្របាននាំគ្នាផ្គូរផ្គងតារាប្រុសស្រីទាំងពីរ ឱ្យស្រលាញ់គ្នាពិតប្រាកដ ប៉ុន្តែអ្នកគាំទ្រមួយចំនួនបានបង្ហាញមតិថា ស្រីខួច មានមនុស្សដែលខ្លួនស្រលាញ់រួចហើយដូចនេះទំនាក់ទំនងនាង និងវ៉ាន់ដា មិនអាចទៅរួចឡើយ ខណៈមតិមួយចំនួនបានលើកឡើងថា តារាស្រីរូបនេះបានបែកគ្នាជាមួយសង្សារហើយ។

ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនបាននាំគ្នាសង្ស័យថា ស្រីខួច និងវ៉ាន់ដា កំពុងមានទំនាក់ទំនងស្នេហានឹងគ្នាស្ងាត់ៗ ប៉ុន្តែមិនមានភាគីណាមួយចេញមុខបកស្រាយឡើយ។ រហូតមកដល់ពេលថ្មីៗនេះ អ្នកគាំទ្រចាប់បានតម្រុយ Story របស់ វ៉ាន់ដា និង ស្រីខួច មានរូបផ្ទៃខាងក្រោយដូចគ្នាខណៈ វ៉ាន់ដា ក៏ធ្លាប់បង្ហើបល្ហៀងៗពីមុនថាលែងចង់នៅ Single ទៀតហើយ ជាហេតុធ្វើឱ្យកាន់តែសង្ស័យខ្លាំងឡើងថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាស្ងាត់ៗ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីត្រូវបានចាប់អារម្មណ៍លើរូបភាពក្នុង Story មានផ្ទៃខាងក្រោយដូចគ្នា ស្រីខួច បានលុបរូបចាស់ចោលដោយផុសថ្មីម្តងទៀតដែលឃើញតែពន្លឺអេក្រង់ទូរទស្សន៍ប៉ុណ្ណោះ ចំណែកឯផ្ទៃខាងក្រោយមានផ្ទៃខ្មៅងងឹត៕
