×

បន្ទាប់ពីសារភាពអារម្មណ៍ចំពោះគ្នារួច ឥលូវដល់វគ្គអ្នកគាំទ្រអង្គុយមើលរូបភាពផ្អែមល្ហែមរបស់ Baifern និង Nine Naphat វិញម្តង

ថៃ៖ កន្លងមកអ្នកគាំទ្ររបស់ Baifern និង Nine Naphat នាំគ្នាជំរុញខ្លាំងឱ្យអ្នកទាំង២ក្លាយជាគូស្នេហ៍នឹងគ្នាពិតប្រាកដ មិនចង់ឃើញភាពស្និទ្ធស្នាលដោយមានឋានៈត្រឹមមិត្តភក្តិឡើយ។ ទីបំផុត ក្តីបំណងរបស់អ្នកគាំទ្របានសម្រេចដោយ Nine បានសារភាពត្រង់ៗតាមរយៈបទសម្ភាសន៍មួយថាលោកពិតជាមានអារម្មណ៍លើសពីមិត្តចំពោះ Baifern ពិតមែន។

យ៉ាងណាមិញ ក្រលេកទៅមើល Baifern វិញក៏មិនខុសពី Nine ឡើយ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានបើកឱកាសឱ្យខ្លួនឯង និង Nine មើលចិត្តគ្នាផងដែរ។ គ្រាន់តែបង្ហាញអារម្មណ៍ចំពោះគ្នារួច មិនយូរប៉ុន្មានរូបភាពគូជាច្រើនត្រូវបានអ្នកទាំង២ផុសឡើងជាសាធារណៈពីដំណើរកម្សាន្តនៅក្រៅប្រទេសដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបទ្វេដង។

គួរបញ្ជាក់ដែរថា នេះមិនមែនជាដំណើរកម្សាន្តលើកទី១ដែលអ្នកទាំង២ បានទៅជាមួយគ្នាឡើយ។ កន្លងមកពួកគេធ្លាប់ចំណាយពេលវេលាដើរលេងជាមួយគ្នាទាំងក្នុង និងក្រៅប្រទេសច្រើនដងហើយដែរ គ្រាន់តែលើកនេះជាដំណើរកម្សាន្តបែបគូស្នេហ៍ដែលមិនពិបាកនឹងបកស្រាយទំនាក់ទំនងមិនច្បាស់លាស់ដូចមុនទៀត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង