×

អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិកោះរ៉ុង លំដាប់ 4C

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ Cambodiana Hotel ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី និងលោក He Guozhong ប្រធានក្រុមហ៊ុន Cambodian Lan Cang Jiang Engineering Co., Ltd ជាក្រុមហ៊ុនសាងសង់ ដោយមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ។

គួររំឭកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ។

អំពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស្ថិតនៅចំណុចស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចទាក់ទាញវិនិយោគិនអន្តរជាតិតាមរយៈការបណ្តាក់ទុនរួមគ្នា និងក្លាយជាអ្នកនាំមុខក្នុងទីផ្សារលើច្រើនវិស័យនៃឧស្សាហកម្ម។ រ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ រ៉ូយ៉ាល់គ្រុប រក្សាបានផលប្រយោជន៍ក្នុងឧស្សាហកម្មជាច្រើន រួមមាន ថាមពល ទូរគមនាគមន៍ អាកាសចរណ៍ ផ្លូវដែក ប្រព័ន្ធផ្សព្វផ្សាយ សេវាធនាគារ និងហិរញ្ញវត្ថុ ការធានារ៉ាប់រង រមណីយដ្ឋាន ការអប់រំ អចលនទ្រព្យ ពាណិជ្ជកម្ម ការទូទាត់តាមឌីជីថល ថាមពល គីមីឥន្ធនៈ និងកសិកម្ម៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង