×

ពិតជាសំណាងមែន! កាបូបម៉ាកល្បីទាំង៨ របស់អ្នកចាត់ការតារាស្រី Aum Patcharapa ដែលចោរលួចថ្ងៃមុនរកឃើញវិញគ្រប់ចំនួន

ថៃ៖ A Supachai ជាអ្នកចាត់ការរាប់ឆ្នាំរបស់ Aum Patcharapa បានឱ្យដឹងមួយរយៈមុនថា កាបូបម៉ាកល្បីចំនួន៨ ត្រូវបានចោរចូលលួចដល់ក្នុងបន្ទប់ ទោះជាយ៉ាងណាលោកមិនបានប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍ឡើយ ផ្ទុយទៅវិញលោកគ្រាន់តែធ្វើការអំពាវនាវដល់គ្រប់គ្នាប្រសិនបានឃើញកាបូបម៉ាកល្បីទាំងនោះ និងសង្ស័យថាជារបស់លោកក៏ជួយផ្តល់ដំណឹងដើម្បីយកមកវិញប៉ុណ្ណោះ។

ជាការពិតណាស់ដែលការអំពាវនាវរបស់ A Supachai ពិតជាទទួលបានផល ព្រោះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អ្នកចាត់ការរូបនេះត្រូវមិត្តភក្តិដែលបើកហាងទិញលក់កាបូបមួយតឹកប្រាប់ថាបានឃើញកាបូបរបស់លោកនៅក្នុងហាងរបស់ខ្លួន។ ភ្លាមៗ A Supachai ក៏បានទៅដល់ហាងដើម្បីពិនិត្យមើលកាបូបទាំងនោះទើបឃើញឈ្មោះរបស់លោកនៅលើកាបូបដែលជារឿងមួយធ្វើឱ្យលោករំភើបចិត្តជាខ្លាំង។

ជាការតបស្នងដល់មិត្តភក្តិដែលបានជូនដំណឹងនេះ A Supachai បានឱ្យមិត្តភក្តិរបស់លោករើសកាបូប ១ក្នុងចំណោមកាបូបទាំង ៨នោះជាការសងគុណ បើទោះជាមិត្តភក្តិរបស់លោកបានបដិសេដយ៉ាងណាក៏ A Supachai នៅតែទទូចចង់ជូនកាបូបម៉ាកល្បីនោះជាទឹកចិត្តនៃការដឹងគុណដដែល ហើយនេះចាត់ទុកជាសំណាងមួយដែលកាបូបដែលចោរបានលួចទៅបាត់ស្រមោល បែរជារកឃើញនៅហាងលក់កាបូបមួយតឹករបស់មិត្តភក្តិខ្លួនបែបនេះ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង