កូរ៉េខាងត្បូង៖ Park So Dam បានសម្រាកពីសិល្បៈរយៈពេល ២ឆ្នាំមកហើយបន្ទាប់ពីពិនិត្យឃើញមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ គ្រូពេទ្យបានឱ្យដឹងថា នាងអាចប្រឈមនឹងការបាត់សម្លេងប្រសិនពន្យារពេលវះកាត់កាន់តែយូរ។ ទោះជាយ៉ាងណា ការវះកាត់ទ្រង់ទ្រាយរបស់តារាស្រីរូបនេះទទួលបានជោគជ័យជាស្ថាពរ។
Park So Dam បានបង្ហាញអារម្មណ៍រំភើបដែលនាងអាចនិយាយបានធម្មតាឡើងវិញ ហើយរយៈពេល ២ឆ្នាំដែលនាងឈឺ ក៏ជាពេលវេលាមួយដែលនាងអាចមានពេលសម្រាក និងមើលថែខ្លួនឯងបានយ៉ាងពេញលេញ ដោយសារកន្លងមកការងារសិល្បៈមានភាពមមាញឹកច្រើនជាហេតុធ្វើឱ្យនាងផ្តោតតែជាមួយការងារមួយមុខប៉ុណ្ណោះ។
Park So Dam បានបន្ថែមថា នាងទទួលបានបទពិសោធន៍ថ្មីដោយការធ្វើដំណើរតែម្នាក់ទៅប្រទេសមួយចំនួនដូចជា ប្រទេសអេស្បាញ ប្រទេសស្វីស ប្រទេសអង់គ្លេស និង ប្រទេសអ៊ីស្លង់ ផងដែរ។ គួរបញ្ជាក់ដែរថា ពេលនេះ Park So Dam បានធ្វើលំហាត់ប្រាណ Pilates និងលេបថ្នាំអរម៉ូនដើម្បីឱ្យរាងកាយរបស់នាងឆាប់ជាសះស្បើយទាំងស្រុងដើម្បីត្រៀមខ្លួនថតរឿងបន្តដែលពេលនេះនាងកំពុងហាត់រៀនបាញ់កាំភ្លើងដើម្បីថតរឿងបន្តផងដែរ៕